ប៉ូលិសខេត្តព្រះសីហនុ ប្រើពេលតែ១០នាទីស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ ក្រោយឆក់កាបូបពីស្ត្រីម្នាក់
Sokli
-

ខេត្តព្រះសីហនុ ៖ រយៈពេលប្រមាណជា១០នាទីប៉ុណ្ណោះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ និងតាមចាប់បានជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមផ្លូវ បណ្ដាលអោយដួលម៉ូតូ រងរបួសកូនស្រីម្នាក់របស់ជនរងគ្រោះ ។

យោងតាមប្រភពពីសមត្ថកិច្ច បានអោយដឹងជាបឋមថា នៅវេលាម៉ោងប្រហែល១៨និង៥០នាទីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវផ្ទះតាឆេរ ស្ថិតនៅភូមិ២ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបប្រជាពលរដ្ឋ នៅពេលដែលស្ត្រីរងគ្រោះ កំពុងជិះម៉ូតូតាមផ្លូវជាមួយកូនស្រី អាយុ០៨ឆ្នាំ បណ្តាលឲ្យដួលម៉ូតូ ធ្វើឲ្យកូនស្រីរបស់គាត់រងរបួសពកក្បាល ផ្នែកថ្ងាសមុខចំហៀងខាងស្តាំ និងដាច់រលាត់ស្បែក នៅលើផ្ទៃមុខ និងផ្នែក ក ។

ក្រោយពីទទួលបានបណ្តឹងនេះភ្លាម ឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានដាក់កម្លាំងតាមស្វែងរកជនសង្ស័យ រហូតដល់វេលាម៉ោង១៩និង០០នាទីយប់ថ្ងៃដដែល ក៏ប្រទះឃើញជនសង្ស័យ នៅផ្លូវមុខផ្សារចិន កម្លាំងសមត្ថកិច្ច ក៏ស្ទាក់ឃាត់ឲ្យជនសង្ស័យឈប់ម៉ូតូ តែជនសង្ស័យបានព្យាយាម បើកម៉ូតូរត់គេចខ្លួន ទើបកម្លាំងសមត្ថកិច្ច ប្រដេញប្រផាត់ចាប់ប្រភីង រហូតដល់ផ្លូវចំណោទ ហាងតាផលលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ជនសង្ស័យបានយកកាបូបដែលធ្វើសកម្មភាពឆក់បាន គប់មកលើសមត្ថកិច្ច ប៉ុន្តែកម្លាំងសមត្ថកិច្ច បន្តប្រដេញតាមជនសង្ស័យរហូតដល់ចំណុចផ្លូវខ្សែរកាប ស្ថិតនៅភូមិ៥ សង្កាត់៤ ទើបស្ទាក់ចាប់ឃាត់ខ្លួនបានតែម្តង ។

ជនរងគ្រោះជាម្តាយមានឈ្មោះ រ.ច.ធ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ត្រី មានទីលំនៅក្នុងសង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

ចំណែកឯកូនស្រី រងរបួសពកក្បាល ផ្នែកថ្ងាសមុខចំហៀងខាងស្តាំ និងដាច់រលាត់ស្បែក នៅលើផ្ទៃមុខ និង ផ្នែក ក ។

ក្នុងកាបូបស្ពាយចំហៀង មានសម្ភារៈ រួមមាន ៖

-លុយអាមេរិក ២,២០០$ (ពីរពាន់ពីររយដុល្លារអាមេរិក)

-លុយខ្មែរ ១,០០០,០០០រៀល (មួយលានរៀល)

-ខ្សែដៃមាស ០១ខ្សែ (ទម្ងន់ ០២ដម្លឹង និង០៣ជី)

-ទូរសព្ទដៃ ០២គ្រឿង (ម៉ាក IPHONE 14 PRO ពណ៌ស្វាយ និងម៉ាក OPPO ពណ៌ខៀវ) ។

ជនសង្ស័យឈ្មោះ រើន ភារិន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ផ្លូវខ្សែកាប ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន ៖

-ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានផ្លាកលេខ (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស)

-កាបូបស្ពាយចំហៀង ០១ ពណ៌ក្រហម ដែលជាផល នៃអំពើចោរកម្ម នៅក្នុងកាបូបមានប្រាក់រៀលនិងដុល្លារ រួមនឹងសម្ភារៈទាំងអស់ដូចខាងលើ ។

មកដល់បច្ចុប្បន្ន ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីហើយ ៕