ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner នឹងត្រូវរដ្ឋាភិបាលចក្រភពអង់គ្លេស កំណត់ជាអង្គការភេរវកម្ម មានន័យថា អ្នកណាដែលចូលជាសមាជិក ឬគាំទ្រក្រុមនេះ នឹងក្លាយជាទង្វើខុសច្បាប់។ នេះបើយោងតាមការផ្សាយពី BBC។
សេចក្តីព្រាងច្បាប់ដែលនឹងត្រូវដាក់ទៅសភា ក៏នឹងអនុញ្ញាតឲ្យទ្រព្យសម្បត្តិរបស់ក្រុមនេះ ត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិភេរវករ ហើយរឹបអូសយកផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Suella Braverman និយាយថា ក្រុមទាហាន Wagner គឺជាឧបករណ៍យោធារបស់រុស្ស៊ី។ ការងាររបស់ពួកគេក្នុងប្រទេសអ៊ុយក្រែន និងនៅអាហ្រ្វិក គឺជាការគំរាមកំហែងដល់សន្តិសុខពិភពលោក។
លោកស្រីបន្ថែមថា “ទង្វើបង្កអស្ថិរភាពជាបន្តរបស់ Wagner គឺគ្រាន់តែដើម្បីបម្រើគោលដៅនយោបាយរបស់វិមានក្រឹមឡាំងប៉ុណ្ណោះ។ ពួកគេគឺជាភេរវករ ហើយបទបញ្ជានេះ ត្រូវធ្វើឲ្យច្បាស់នៅក្នុងច្បាប់របស់ចក្រភពអង់គ្លេស”។
Wagner បានដើរតួយ៉ាងសំខាន់ ក្នុងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក៏ដូចជាប្រតិបត្តិការនៅប្រទេសក្នុងទ្វីបអាហ្រ្វិក រួមមានស៊ីរី លីប៊ី និងម៉ាលី។ យុទ្ធជនរបស់ពួកគេ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនរួមទាំងការសម្លាប់ និងធ្វើទារុណកម្មពលរដ្ឋអ៊ុយក្រែនផងដែរ។
ទន្ទឹមនោះ អនាគតរបស់ក្រុមនេះ បានធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់ នៅពេលមេដឹកនាំរបស់ខ្លួនគឺលោក Yevgeny Prigozhin ដឹកនាំការបះបោរប្រឆាំងមេដឹកនាំយោធារុស្ស៊ី តែត្រូវបរាជ័យ។
គួរបញ្ជាក់ថា លោក Prigozhin ដែលបង្កើតក្រុមនេះក្នុងឆ្នាំ២០១៤ បានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ រួមជាមួយបុគ្គល Wagner ជាន់ខ្ពស់ផ្សេងទៀតកាលពីថ្ងៃទី២៣ខែសីហា៕