ក្រុមអាជីវកលក់ដូរនៅ ឆ្នេរកែប សន្យាថាឈប់បោយដៃ ឬស្ទាក់ឡានហៅភ្ញៀវហើយ
Sokli
-

ខេត្តកែប ៖ អាជ្ញាធរក្រុងកែប កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំជាមួយក្រុមអាជីវករលក់ដូរនៅជ្រោយដូងឆ្នេរសមុទ្រកែប នៅសាលប្រជុំសាលាក្រុង ។ វត្តមានលោកខេង យ័ន អភិបាលក្រុងកែប ក៏បានសុំអង្វរជាមួយក្រុមអាជីវករដែលលក់ដូរនៅបណ្ដោយឆ្នេរសមុទ្រម្ដងទៀត សុំឱ្យអាជីវករទាំងអស់លក់ដូរត្រូវឱ្យមានរបៀបរៀបរយ ។

តាមរយះលោកអភិបាលក្រុងកែបបានលើកឡើងថា ការរៀបចំលក់ដូរអោយមានសណ្ដាប់ធ្នាប់នៅកន្លែងងូតទឹក និងកន្លែងជ្រោយដូងនោះ គឺជារឿងដដែលៗទេ ។ ហើយអាជ្ញាធរបានចុះទៅរៀបចំទីកន្លែងលក់ដូរនោះ មិនមែនដេញពួកគាត់មិនឱ្យលក់ទេ ហើយក៏មិនមែនអោយ បងប្អូនសាច់សន្ដានរបស់ មន្ត្រីសាលាក្រុង មកលក់នៅកន្លែងនោះដែរ។

លោកខេង យ័ន បានបន្តមានប្រសាសន៍ក្រើនរំលឹករឿងអាជីវករលក់ដូរនៅជ្រោយដូងឈប់បោយដៃហៅភ្ញៀវ ឬស្ទាក់រថយន្តអោយឈប់ជាបន្ទាន់ទៅ ព្រោះវាអាក្រក់មើលខ្លាំងពេក ។

លោកបានបន្ថែមទៀតថា ឯកឧត្តមអភិបាលខេត្តកែបធ្លាប់អង្វរក្រុមអាជីវកលក់ដូរយើងម្ដងហើយឱ្យបញ្ឈប់បោយដៃហៅភ្ញៀវទៅ ប៉ុន្តែអាជីវករយើងមិនច្រើននាក់ទេ នៅតែរឹងទទឹងមិនស្ដាប់ប្រសាសន៍អភិបាលខេត្ត ។

លោកថា ការបោយដៃហៅភ្ញៀវមិនមានតម្លៃសម្រាប់ក្រុមអាជីវករលក់ដូរយើងទេ ។ ជាពិសេស ម្ហូបឆ្ងាញ់មានតម្លៃសមរម្យ មិនកោរគេ និងអ្នកលក់មានសម្ដីទន់ភ្លន់ វាគ្រប់ក្រាន់ណាស់ហើយ ។

សម្រាប់ក្រុមអាជីវករលក់ដូរទាំងអស់ក៏បានយល់ព្រមឈប់បោយដៃហៅភ្ញៀវទៀតហើយ រួមទាំងអោយអ្នកយកព័ត៌មានជួយធ្វើជាសាក្សីផងដែរ ប៉ុន្តែមិនមែនជាដាក់ទោសទាន់អ្វីដល់ក្រុមអាជីវករលក់ដូរតាមឆ្នេរសមុទ្រដែរ គ្រាន់តែក្រុមអាជីវករលក់សំណូមពរឱ្យអាជ្ញាធរបន្តចាក់ខ្សាច់បន្ថែមទៀតនៅមុខជ្រោយដូង។