កម្លាំងជំនាញរកឃើញវ៉ាក់សាំងជំងឺឆ្កែឆ្កួត ក្លែងក្លាយ៣៥១ប្រអប់ ដាក់លក់ក្នុងឱសថស្ថានមួយកន្លែង
Sokli
-

ភ្នំពេញ៖ វ៉ាក់សាំងជំងឺឆ្កែឆ្កួតក្លែងក្លាយ ចំនួន៣៥១ប្រអប់ ត្រូវបានសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ រកឃើញនៅក្នុងឱសថស្ថានមួយនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ និងបានចុះបង្ក្រាបនិងរឹបអូសផងដែរ ។

សូមជម្រាបថាឱសថស្ថានដែលដាក់លក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតក្លែងក្លាយនេះ មានឈ្មោះថា «ឱសថស្ថានពន្លឺបឹងត្របែក» រកឃើញវ៉ាក់សាំងជំងឺឆ្កែឆ្កួតក្លែងក្លាយរហូតដល់ទៅ ៣៥១ប្រអប់ ។ ក្រោយរកឃើញវ៉ាក់សាំងជំងឺឆ្កែឆ្កួតក្លែងក្លាយដ៏ច្រើននេះ សមត្ថកិច្ចក៏បាននាំខ្លួនម្ចាស់ឱសថស្ថាននេះទៅសួរនាំ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដើម្បីបន្តនីតិវិធី ។

វ៉ាក់សាំងជំងឺឆ្កែឆ្កួតក្លែងក្លាយនេះ គឺប្រភេទ Abhayrab សម្រាប់ចាក់លើមនុស្ស ក្រោយពេលមានសត្វខាំឬខ្វាច ហើយវ៉ាក់សាំងនេះ ត្រូវទុកដាក់នៅក្រោមសីតុណ្ហភាពត្រជាក់ចន្លោះពី 2អង្សារទៅ8អង្សារសេ ប៉ុន្តែសម្រាប់ឱសថស្ថាននេះវិញបែរជាដាក់តាំងលក់មិនត្រឹមត្រូវ មិនស្របតាមស្តង់ដាររបស់ក្រុមហ៊ុន ដូច្នេះគ្រោះថ្នាក់សម្រាប់អ្នកដែលចាក់វ៉ាក់សាំងនេះ គឺគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតតែម្ដង ។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនាពេលថ្មីៗនេះ ក្រោយពីមានបណ្ដឹងរបស់ក្រុមហ៊ុន ឌីភីហ្វាម៉ាខូអិលធីឌី ដែលជាអ្នកនាំចូលវ៉ាក់សាំងនេះមកកម្ពុជា ៕