សិង្ហបុរី នឹងបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ចំនួន ២២គ្រឿងទៅអ៊ុយក្រែន
Sokli
-

(សិង្ហបុរី)៖ ក្រសួងការបរទេសសិង្ហបុរីបាននិយាយនៅថ្ងៃអង្គារ ទី៧ ខែកញ្ញា នេះថា សិង្ហបុរីនឹងបញ្ជូនកញ្ចប់ជំនួយមនុស្សធម៌ គឺរថយន្តសង្គ្រោះបន្ទាន់ចំនួន ២២ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងបានបញ្ជាក់ថា ជំនួយនេះធ្វើឡើងដើម្បីជាការឆ្លើយតប ទៅនឹងសំណើរបស់អ៊ុយក្រែន ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នៅក្នុងប្រទេស។

សូមរំលឹកថា លើកចុងក្រោយដែលសិង្ហបុរីបានបញ្ជូនជំនួយទៅអ៊ុយក្រែន គឺនៅក្នុងខែមិថុនា ឆ្នាំ២០២២ ដែលរួមមានរថយន្តសង្គ្រោះបន្ទាន់ចំនួន ៩គ្រឿង ម៉ាស៊ីនពន្លត់អគ្គីភ័យចំនួន ២គ្រឿង ឧបករណ៍ពន្លត់អគ្គីភ័យជាច្រើនប្រភេទ ឧបករណ៍សង្គ្រោះបន្ទាន់ ឧបករណ៍រាវរកមីន និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត។

កាលពីខែមេសាឆ្នាំមុន កាកបាទក្រហមសិង្ហបុរីក៏បានផ្តល់អំណោយជាលើកទីបី ដើម្បីគាំទ្រជនភៀសខ្លួនអ៊ុយក្រែន ដែលសរុបជាទឹកប្រាក់ចំនួន ៣.៦៦ លានដុល្លារសិង្ហបុរីផងដែរ។ ហើយនៅខែ ធ្នូ ឆ្នាំ ២០២២ កាកបាទក្រហមសិង្ហបុរីបានគាំទ្របន្ថែមទៀត ដល់ការសាងសង់ផ្ទះម៉ូឌុលចំនួន១០ ដើម្បីជួយសហគមន៍ក្នុងប្រទេសអ៊ុយក្រែនដែលកំពុងប្រឈមមុខនឹងរដូវរងាដ៏អាក្រក់។

គួរបញ្ជាក់ថា អ៊ុយក្រែន កំពុងចាប់ផ្តើមការវាយបកប្រឆាំង នឹងការឈ្លានពានរបស់រុស្ស៊ី ដែលបានបំផ្លាញទីក្រុងនានា និងបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ខណៈវិមានក្រឹមឡាំងពណ៌នាថា វាជា «ប្រតិបត្តិការយោធាពិសេស»៕