ទីក្រុងហុងកុង បានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង មិនធ្លាប់មាន
Sokli
-

ប្រទេសចិន៖ ទីក្រុងហុងកុង នៅថ្ងៃសុក្រ ទី៨ ខែកញ្ញានេះត្រូវបានជន់លិចដោយសារទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងមិនធ្លាប់មាន ក្នុងរយៈពេលជិត ១៤០ឆ្នាំ ដែលបង្កការរំខាន់យ៉ាងខ្លាំងដល់ការធ្វើចរាចរណ៍ក្នុងទីក្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមប្រភពបានអោយដឹងថា ផ្លូវជាច្រើន និងស្ថានីយ៍រថភ្លើងក្រោមដីមួយចំនួន នៅក្នុងទីក្រុងហុងកុងបានជន់លិច រីឯសាលារៀនជាច្រើនត្រូវបង្ខំចិត្តបិទទ្វារ ជាបណ្ដោះអាសន្ន។ ស្របពេលដែល អាជ្ញាធរក្នុងទីក្រុង សិនជិន (Shenzhen) ដែលជាទីក្រុងស្ថិតនៅក្បែរគ្នា ក៏បានរាយការណ៍ដែរពីកម្រិតទឹកភ្លៀងខ្ពស់ បំបែកកំណត់ត្រាថ្មីមួយចាប់តាំងពីឆ្នាំ១៩៥២មក។

ចំណែកក្រុមអ្នកជំនាញ បាននិយាយថាការប្រែប្រួលអាកាសធាតុបានធ្វើឱ្យព្យុះត្រូពិក កើតឡើងកាន់តែញឹកញាប់ ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំង ដែលបង្កជាគ្រោះទឹកជំនន់ភ្លាមៗ។ ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមវាយប្រហារទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយក្នុងពេល ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ អាជ្ញាធរឧតុនិយមបានកត់ត្រាកម្រិតកម្ពស់ទឹកភ្លៀងដល់ទៅ ១៥៨.១មីលីម៉ែត្រ ដែលនេះជាកម្រិតទឹកភ្លៀងខ្ពស់ បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៨៨៤មក។ បន្ទាប់ពីហេតុការណ៍ភ្លាមៗនេះ មិនទាន់មានសេចក្ដីរាយការណ៍ណាមួយអំពីជនរងគ្រោះ ឡើយ។

គួរបញ្ជាក់ថា ព្យុះទីហ្វុង ២ គឺសាវឡា (Saola) និងហៃគូអ៉ិ (Haikui) បានវាយប្រហារលើភាគខាងត្បូង ប្រទេសចិនកាលពីចុងសប្ដាហ៍មុន ខណៈទីក្រុងហុងកុង អាចគេចផុតពីការវាយប្រហារដោយផ្ទាល់ពីព្យុះទាំង២នេះ។ ប៉ុន្តែ ភ្លៀងធ្លាក់ខ្លាំងលើទីក្រុងហុងកុង គឺបណ្ដាលមកពីចំហាយ សេសសល់នៃព្យុះទីហ្វុង Haikui៕