ឃាត់ខ្លួនក្រុមក្មេងទំនើងដែលវង្វេងផ្ទះនៅពេលយប់បានជាច្រើននាក់
Sokli
-

ខេត្តបាត់ដំបង ៖ កម្លាំងអធិការក្រុងបាត់ដំបង និងកម្លាំងការិយាល័យជំនាញនៃស្នងការខេត្ត បានបើកយុទ្ធនាការស្ទើរពេញមួយរាត្រី ចន្លោះពីម៉ោង១១យប់ថ្ងៃទី០៨ រហូតវេលាជិតភ្លឺ ថ្ងៃទី ០៩ កញ្ញា ប្រមូលក្រុមក្មេងវង្វេងផ្ទះ (មានប្រុស មានស្រី) ដែលប្រមូលផ្ដុំគ្នានៅតាមសួនច្បារ និងតាមដងផ្លូវនានាបានចំនួន៤៦នាក់ ក្នុងនោះ មានចំនួន១៥នាក់ ត្រូវបានរកឃើញមានសារធាតុញៀន។

គួរបញ្ជាក់ថា នេះជាយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ពួកក្មេងទំនើង ដែលនិយមបង្កភាពអនាធិតេយ្យ និងបង្កហិង្សានៅពេលយប់ ក្រោមការបញ្ជាផ្ទាល់ពីលោកសាត គឹមសាន ស្នងការខេត្ត ដែលមានការឯកភាពពីលោក កែវ សុជាតិ តំណាងអយ្យការអមសាលាដំបូងខេត្តផង ។

កិច្ចប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងជំនាញរបស់អធិការក្រុងបាត់ដំបង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្ត ដែលដឹកនាំផ្ទាល់ដោយស្នងការរង លោកឈឿង គឹមសុង ។ លោក ឈឿង គឹមសុង បានឲ្យដឹងថា ក្រោយទទូលបានបទបញ្ជាពីលោកស្នងការ លោកបានដឹកនាំកម្លាំងចុះបំពេញកិច្ចការងារនេះស្ទើរពេលមួយយប់ ដើម្បីតាមឃ្លាំមើលមុខសញ្ញាក្រុមក្មេងទំនើង ដែលតែបង្កបញ្ហាពេលយប់នៅតាមដងផ្លូវ និងនៅតាមសួនច្បារនានារហូតប្រមូលបានក្រុមក្មេងទាំងនេះ មានប្រុស មានស្រីចំនួន៤៦នាក់ នាំទៅកាន់ស្នងការខេត្ត ដើម្បីសួរនាំ និងពិនិត្យសារធាតុញៀន។

របាយការណ៍នៃកិច្ចប្រតិបត្តិការនេះ ក្រុមក្មេងដើរវង្វេងផ្ទះទាំងនេះ មានខ្លះបើកបរទាំងស្រវឹងបង្កអនាធិបតេយ្យ ខ្លះប្រមូលផ្ដុំគ្នាតាមសួនច្បារ ខ្លះទៀត សំងំសេពគ្រឿងញៀនយ៉ាងពពាក់ពពូន ។ ពួកគេទាំងនេះ ភាគច្រើនសុទ្ធតែអះអាងថា ទើបចេញពីក្លិបរាត្រី តែក៏មានមួយចំនួនស្វែងរកកន្លែងសេវាកម្មគ្រឿងញៀនដែរ ។ លោក ឈឿង គឹមសុង បានប្រាប់ថា ក្រោយនាំដល់ស្នងការសួរនាំ និងធ្វើតេស្ដទឹកនោម មន្ត្រីជំនាញរកឃើញចំនួន១៥នាក់ ក្នុងចំណោម៤៦នាក់មានផ្ទុកសារធាតុញៀន ។

លោកបានបញ្ជាក់ថា ក្រោយបញ្ចប់ការធ្វើតេស្ដទឹកនោម និងក្រោយបញ្ចប់ការសួរនាំ លោកស្នងការបានបញ្ជាឲ្យបញ្ជូនអ្នកផ្ទុកសារធាតុញៀន១៥នាក់ ទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការបន្ត ។ រីឯពួកក្មេងទំនើងជិះម៉ូតូបង្កភាពអនាធិបតេយ្យ និងម៉ូតូកែច្នៃខុសបច្ចេកទេសបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ដោះស្រាយ ។ ដោយឡែក ក្រុមមួយចំនួនដែលមិនពាក់ព័ន្ធបទល្មើស លោកស្នងការបានដាក់គោលការឲ្យធ្វើការអប់រំណែនាំ ហើយអញ្ជើញអនាព្យាបាលឲ្យមកធានាត្រឡប់ទៅលំនៅឋានវិញ ។

លោក ឈឿង គឹមសុង បានបញ្ជាក់ដែរថា កិច្ចប្រតិបត្តិការនេះ នឹងត្រូវចាត់វិធានការជាបន្តបន្ទាប់ ដោយមិនបណ្ដែតបណ្ដោយឲ្យពួកក្មេងទំនើង បង្កព្យុះភ្លៀងតាមទំនើងចិត្តឡើយ។ នេះជាផែនការរបស់លោកស្នងការខេត្ត ដែលបានដាក់ចេញនូវផែនការនេះ ។