ឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ករណីហិង្សាបង្កការអុកឡុកតាមទីសាធារណៈ ក្នុងក្រុងព្រះសីហនុ
Sokli
-

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានរាយការណ៍ថា មានករណីហិង្សាដោយចេតនាមួយកើតឡើងនៅវេលាម៉ោង០២រំលងអធ្រាត្រ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច រង្វង់មូលតោ២ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បង្កដោយជនសង្ស័យ១ក្រុម មានគ្នា៨នាក់ បានធ្វើសកម្មភាពយកដំបងទីបដែកវាយទៅលើជនរងគ្រោះ១ក្រុមទៀត បណ្តាលអោយរងរបួសដៃ ដងខ្លួន និងក្បាល ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ចុះទៅដល់ទីតាំងកើតហេតុ និងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ ភេទប្រុស ជនជាតិវៀតណាម នាំយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ ។

ចំណែកឯវត្ថុតាងដែលចាប់យកបានរួមមាន ៖ ទូរសព្ទដៃចំនួន ១១គ្រឿង ដំបងទីបដែកចន ០៣ដើម ដំបងរលាស់ ១ដើម ប៉ែលដងដែក ១ដើម ស្ព្រាយម្រេច ១កំប៉ុង និងរថយន្ត ១គ្រឿង ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-2832 ។

សូមជម្រាបថាបន្ទាប់ពីឃាត់ខ្លួនក្រុមជនបង្កបាន កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំ៕