ភ្នំពេញ ៖ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា រកឃើញជ័យជម្នះជាលើកដំបូងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Felix Dalmas ជនជាតិអាហ្សង់ទីន បន្ទាប់ពីបំបាក់ក្រុមជម្រើសជាតិម៉ាកាវ នៅក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ក្នុងលទ្ធផល ៤-០ នៅឯពុហកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។
ជាមួយនឹងការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមភ្ញៀវហុងកុង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងលទ្ធផល ១-១ និងជ័យជម្នះលើក្រុមភ្ញៀវម៉ាកាវ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ដែលមានន័យថា ក្រុមគោព្រៃកម្ពុជា បានបញ្ចប់ការប្រកួតរបស់ខ្លួន ហើយកីឡាករទាំងអស់ត្រូវរំសាយនៅត្រឹមនេះ ដោយត្រូវរង់ចាំការប្រកាសសមាភាពបញ្ជីឈ្មោះកីឡាករថ្មី នៅខែក្រោយ ដើម្បីត្រៀមខ្លួនសម្រាប់ភារកិច្ចធំ នៃការប្រកួតជម្រុះជុំទី១ ព្រឹត្តិការណ៍ World Cup 2026 ប្រចាំតំបន់អាស៊ី ដោយត្រូវជួបប៉ាគីស្ថាន ជាមួយនឹងការប្រកួតប្តូរដី (២ជើង)។
-ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ កម្ពុជា ប៉ះ ប៉ាគីស្ថាន នៅពហុកីឡដ្ឋានជាតិអូឡាំពិក
-ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ប៉ាគីស្ថាន ប៉ះ កម្ពុជា នៅកីឡដ្ឋាន Jinnah Sports
គួររំលឹកថា លោក Felix Dalmas ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មី នៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ ដើម្បីជំនួសលោក Keisuke Honda ជនជាតិជប៉ុន ដែលចាកចេញ ក្រោយបញ្ចប់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣។ លោក Felix Dalmas ត្រូវដឹកនាំក្រុមជម្រើសជាតិឈុតធំ និងក្រុមយុវជនអាយុក្រោម២៣ឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៦ ។ បុរសជនជាតិអាហ្សង់ទីនរូបនេះ ធ្លាប់ធ្វើជាគ្រូជំនួយក្រុមគោព្រៃកម្ពុជា ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ក្រោមការដឹកនាំរបស់លោក Keisuke Honda ៕ (ដកស្រង់រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)