មេដឹកនាំកូរ៉េខាងជើង ចេញដំណើរតាមរថភ្លើងទៅកាន់រុស្ស៊ី
Sokli
-

កូរ៉េខាងជើង ៖ មេដឹកនាំប្រទេសលោកគីម ជុងអ៊ុន បានចាកចេញពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១០ កញ្ញា តាមរថភ្លើងទៅកាន់រុស្ស៊ីដែលលោកនឹងជួបនៅទីនោះជាមួយ មេដឹកនាំប្រទេសរុស្សីគឺលោក វ្ល៉ាឌីមៀរពូទីន។ នេះបើតាមការលើកឡើងពីទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA នាថ្ងៃទី១២ ខែ កញ្ញា នេះ ។

ប្រភពដដែលបន្តថា លោកគីមជុងអ៊ុនធ្វើដំណើរតាមរថភ្លើងពិសេសពាសដែក កាលពីរសៀលថ្ងៃទី ១០ ខែ កញ្ញា ទៅកាន់សហព័ន្ធរុស្ស៊ី ជាប្រមុខគណៈប្រតិភូអ្នកទទួលខុសត្រូវជាន់ខ្ពស់់រដ្ឋាភិបាល កងទ័ពនិងបក្សពលករកូរ៉េ។

បើតាមអ្នកជំនាញការវាយតម្លៃថា ដំណើររបស់លោកគីមជុងអ៊ុនទៅកាន់ទីក្រុងវ្ល៉ាឌីវ៉ូស្តុក ចុងបូព៌ារុស្ស៊ីកន្លែងរៀបចំវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំ អាចផ្ដោតលើកិច្ចព្រមព្រៀងគ្រឿងសព្វាវុធមួយ។

លោកពូទីននឹងស្វែងរកឲ្យទទួលបានអាវុធ និងគ្រាប់របស់កូរ៉េខាងជើងសម្រាប់ផ្គត់ផ្កង់ដល់កងទ័ពរុស្ស៊ីដែលកំពុងច្បាំងនៅអ៊ុយក្រែន។ ចំណែកកូរ៉េខាងជើងវិញខិតខំឲ្យទទួលបានពីរុស្ស៊ី បណ្ដាបច្ចេកវិទ្យាឈានមុខសម្រាប់កម្មវិធីផ្កាយរណប និងនាវាមុជទឹករបស់ខ្លួន។

នាថ្ងៃទី ១១ ខែ កញ្ញា ទីភ្នាក់ងារព័ត៌មានព័ត៌មានកូរ៉េខាងជើងប្រកាសថា លោកគីមជុងអ៊ុននឹងជួបពិភាក្សាជាមួយលោកពូទីនអំឡុងពេលទស្សនកិច្ចនេះ។ ក្រុងមូស្គូក៏លើកឡើងដែរពីទស្សនកិច្ចនេះ ដែលជាលើកទី២របស់មេដឹកនាំកូរ៉េខាងជើងនៅរុស្ស៊ី ចាប់តាំងពីលោកឡើងកាន់អំណាចពីឆ្នាំ២០១២មក។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីឌ្រីប៉េស្កូវអះអាងនាថ្ងៃទី១១ ខែ កញ្ញាថា ពុំមានគម្រោងជួបគ្នារវាងលោកគីមជុងអ៊ុននិងលោកពូទីន ក្នុងក្របខណ្ឌនៃវេទិកាសេដ្ឋកិច្ចក្រុងវ្ល៉ាឌីវ៉ូស្តុកឡើយ។

គួរកត់សម្គាល់ថា លោកគីមជុងអ៊ុនពុំដែលចាកចេញពីប្រទេសឡើយ ចាប់តាំងពីផ្ទុះការឆ្លងរាលដាលនៃកូវីដក្នុងឆ្នាំ២០២០មក៕