ខេត្តបន្ទាយមានជ័យ ៖ លោកអភិបាលរងខេត្តបន្ទាយមានជ័យ បានស្នើសុំឱ្យសមត្ថកិច្ចមានវិធានការត្រួតពិនិត្យសារធាតុញៀនចំពោះអ្នកបើកបរ ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើង ។ នេះបើតាមការឱ្យដឹងពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងនៅក្នុងកិច្ចប្រជុំកាលថ្មីៗនេះ ស្ថិតក្នុងក្រុងប៉ោយប៉ែត។
លោក បានមានប្រសាសន៍ឱ្យដឹងថា រយៈពេលកន្លងមកនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយសារកត្តាគ្រឿងស្រវឹង និងគ្រឿងញៀន ដែលបង្កឱ្យមានគ្រោះថ្នាក់កើតឡើង ដោយសារអ្នកបើកបរដាច់យប់ និងបានប្រើប្រាស់គ្រឿងញៀន បណ្តាលឱ្យមានមនុស្សស្លាប់ និងរងការខូចខាតទ្រព្យប្រជាពលរដ្ឋ និងរដ្ឋ ដោយសាររថយន្តបុកពារធ្វើឱ្យរងការខូចខាត។
លោកបានបញ្ជាក់ថា ជាការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត សុំឱ្យមន្ត្រី និងកម្លាំងជំនាញ ត្រូវទប់ស្កាត់ និងការពារមិនឱ្យមានគ្រោះថ្នាក់កើតឡើង ដោយមន្ត្រីជំនាញត្រូវត្រួតពិនិត្យសារធាតុញៀនទៅលើអ្នកបើកបររថយន្តតាមដងផ្លូវ បើសិនជារកឃើញ ត្រូវមានវិធានការចំពោះច្បាប់ ព្រោះអ្នកបើកបរប្រើប្រាស់គ្រឿងញៀនបង្កគ្រោះគ្រប់ពេលដល់អ្នករួមដំណើរ។
លោក ង៉ោ ម៉េងជ្រួន ក៏បានផ្តាំផ្ញើដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូន មុននឹងរើសអ្នកបើកបរ ត្រូវស៊ើបមើលប្រវត្តិ ឬធ្វើតេស្តរកសារធាតុញៀនជាមុនសិន ចាំទទួល បើសិនអ្នកបើកបរប្រើប្រាស់សារធាតុញៀននោះ នៅពេលបើកបរនឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃមិនខាន។ ហើយត្រូវអនុវត្តតាមច្បាប់ចំពោះក្រុមហ៊ុនណាដែលទទួលនិងអ្នកបើកបរ កុំអាងបុកគេស្លាប់ហើយ រត់គេចខ្លួន ត្រូវពង្រឹងទប់ស្កាត់ឱ្យបាន ចំពោះអ្នកបើកបរមានសារធាតុញៀន៕