បញ្ចូនជនសង្ស័យទៅតុលាការ ករណីឆបោកប្រាក់រឿង«រត់ការដោះលែងជនជាប់ចោទ»
Sokli
-

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជូនបុរសដែលជាជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីប្រើល្បិចឆបោកយកប្រាក់ពីជនរងគ្រោះ ត្រូវជាសាច់ញាតិរបស់ជនសង្ស័យ ដែលសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធគ្រឿងញៀន ។

ជនសង្ស័យ មានឈ្មោះ អ៊ិន វុទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ ជាកសិករ មានទីលំនៅបន្ទប់ជួលលេខ១១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ សំណុំរឿងជនសង្ស័យខាងលើនេះ បានស្ថិតនៅលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់កងរាអាវុធហត្ថរាជធានីភ្នំពេញបានបង្ហោះជាផ្លូវការថា ស្តាប់ការរៀបរាប់របស់ជនរងគ្រោះ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ខ្លួននិងកូនស្រី បានជួបនឹងជនសង្ស័យនៅមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយរូបគេបានដើរមកប្រាប់ថា គេជាអ្នករត់ការដោះលែងអ្នកទោសជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ។

បន្ទាប់មក ខ្លួនក៏ពឹងពាក់ជនសង្ស័យរូបនោះឲ្យជួយដោះស្រាយរឿងកូនប្រុសខ្លួនម្នាក់ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដោយជនសង្ស័យបានសួរខ្លួនថា មានលទ្ធភាពប៉ុន្មានសម្រាប់ធ្វើការដោះស្រាយជាមួយសមត្ថកិច្ច ។

ក្រោយមក ខ្លួនបានប្រគល់លុយឲ្យទៅជនសង្ស័យចំនួន៦សែនរៀលសិន និងក្រោយមក ក៏ធ្វើការផ្ញើលុយចំនួន១លាន៤សែនរៀល និងផ្ញើជាបន្តបន្ទាប់ទៀត តាមរយៈលេខទូរស័ព្ទរបស់ជនសង្ស័យ ដោយជនសង្ស័យសន្យាថា នឹងជួយដោះស្រាយជាមួយតុលាការ ដើម្បីជួយឲ្យកូនខ្លួនរួចទោសចេញមកវិញ ។ បន្ទាប់ពីទទួលបានលុយរួចហើយ ជនសង្ស័យបានបិទទូរស័ព្ទមិនអាចទំនាក់ទំនងបាន ពេលនោះទើបខ្លួនដឹងថាបានចាញ់បោកជនសង្ស័យ ។

រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ខ្លួនរួមជាមួយសាច់ញាតិក៏បានប្តឹងទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយបានធ្វើការណាត់ជួបជាមួយជនសង្ស័យតាមរយៈបណ្តាញសង្គមតេឡេក្រាម ដោយឲ្យមកជួបគ្នានៅណុចស្ថានីយប្រេងឥន្ធនៈ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយជនសង្ស័យក៏បានមកតាមការណាត់ជួប ទើបត្រូវកម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនជន សង្ស័យម្នាក់នោះ ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ។

នៅចំពោះមុខជនសង្ស័យ អ៊ិន វុទ្ធី បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើល្មើស ដូចការចោទប្រកាន់របស់ជនរងគ្រោះប្រាកដមែន ។ ក្រោយពីបានស្តាប់ចម្លើយសារភាព និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការតាមនីតិវិធី ។