នៅថ្ងៃទី ១៦ នេះតារាចម្រៀងលោក សុះ ម៉ាច បានចេញមុខបញ្ជាក់ច្បាស់ៗថាក្រោយពីពិភាក្សាគ្នាច្រើនលើករួចរាល់ពេលនេះក្រុមគ្រួសារដែលមានសាច់ញតិកូនក្មួយអធិរាជសំឡេងមាសបានត្រៀមឯកសារតាមផ្លូវច្បាប់រួចរាល់ពេលនេះអ្នកល្មើសនឹងប្រឈមមុខចំពោះផ្លូវច្បាប់ ។
នៅពេលចុងក្រោយនេះ ហាក់មិនមានសញ្ញាណាមួយបញ្ជាក់ថាកូនស្រីលោក ស៊ីន ស៊ីសាមុត នឹងធ្វើតេស្តបែបវិទ្យាសាស្ត្រDNA ជាមួយលោក បឺត សំរេច នោះទេ។ ផ្ទុយទៅវិញថ្មីៗនេះលោក សុះ ម៉ាច បាននិយាយថាក្រុមគ្រួសារអធិរាជ នឹងតបតតាមផ្លូវច្បាប់ជាមួយលោក បឺត សំរេច ។យ៉ាងណាមិញលោកបានបង្ហោះសំណេរថា៖ ភាពអត់ធ្មត់របស់ពួកយើងមានកម្រិតមានព្រំដែនកំណត់និងហេតុផល ពួកយើងឈរលើក្រមសីលធម៌សុជីវធម៌សេចក្តីថ្លៃថ្នូរ។
ឥឡូវនេះក្រុមគ្រួសារបងប្អូនកូនក្មួយរៀបចំឯកសារតាមប្រព័ន្ធច្បាប់ដើម្បីតបតវិញហើយក្រោយពីពិភាក្សាគ្នាច្រើនលើកច្រើនសារមកនេះ។គូថឆ្នាំងក្តៅយូរហើយ ដូច្នេះអ្នកដែលពាក់ព័ន្ធនិងអ្នកដែលជេរប្រមាថលោកម្តាយដែលជាឧត្តមភរិយា និងការធ្វើឱ្យប៉ះពាល់កិត្តិនាមកិត្តិយសដ៏ឧត្តុងឧត្តមរបស់អធិរាជស៊ីនស៊ីសាមុត អាចប្រឈមនិងមុខច្បាប់មិនខាន។
កម្មនរណាសាងអ្នកនោះនឹងទទួលហើយ។ការជឿងប់ងុលខ្វះការពិចារណារកការពិតមិនទាន់ឃើញច្បាស់ ជាបញ្ហាមួយធ្វើឱ្យសង្គមឱនថយ ព្រោះគ្មានបានផ្តល់ប្រយោជន៍បន្តិចសោះ មានតែការឈ្លោះជេរប្រមាថគ្នាបែកបាក់គ្នាដោយសារ តែប្រកាន់ម្ខាងរៀងៗខ្លួន ចូរកុំខ្វល់រឿងបុគ្គលពេកអី។
ពាក់ព័ន្ធការលើកឡើងរបស់តារាចម្រៀង សុះ ម៉ាច ក៏មានមហាជន ជាច្រើនគាំទ្រនឹងរំពឹងថារឿងរបស់លោក បឺត សំរេច ប្រកាសជាកូនអធិរាជសំឡេងមាសនឹង បញ្ចប់ឆាប់ៗនៅក្នុងពេលដ៏ខ្លីខាងមុខនេះក្រោយអូសបន្លាយជាច្រើនខែ ។ ចំពោះរឿងនេះគេមិនទាន់ឃើញលោក បឺត សំរេច ឆ្លើយតបចំពោះលោក សុះ ម៉ាច នោះឡើយ៕