ភ្នំពេញ៖ លោកអធិការរងខណ្ឌព្រែកព្នៅម្នាក់សង្ស័យជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់នៅក្នុងបន្ទប់ជាន់ទី ៣៧ នៃអគារស្កាយឡាញ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបរហូតដល់ជនរងគ្រោះដែលជាជនសង្ស័យបានព្យាយាមតោងបង្អួច ដើម្បីរត់គេចខ្លួនពីកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនធ្វើឱ្យរបូតដៃធ្លាក់មកខាងក្រោមស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចអគារ the skyline តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហឿង ភីរុណ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអធិការរងខណ្ឌព្រែកព្នៅ ដែលមានទីលំនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ច ជនសង្ស័យជាអធិការរងខណ្ឌព្រែកព្នៅបានធ្លាក់ពីលើអគារដែលមានឈ្មោះ the skyline ជាន់ទី ៣៧ បណ្ដាលឱ្យធ្លាក់មកដាច់ខ្លួនជាពីរកំណាត់ស្លាប់ភ្លាមៗ ខណៈព្យាយាមតោងបង្អួចដើម្បីគេចខ្លួនពីកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន។
ការចុះបង្រ្កាបបទល្មើសគ្រឿងញៀននៅបន្ទប់ជនរងគ្រោះដែលធ្លាក់នោះ កម្លាំងសមត្ថកិច្ចបានស៊ើបអង្កេតនិងដាក់ការសង្ស័យថា នៅបន្ទប់ជនរងគ្រោះដែលជាជនសង្ស័យកំពុងស្នាក់នៅនេះមានបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន។
បើតាមការបំភ្លឺរបស់មេសន្តិសុខអគារ Skyline នៅម៉ោងកើតហេតុ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន។ ពេលនោះជនសង្ស័យបានព្យាយាមគេចឆ្លងតាមបង្អួច ក៏របូតដៃធ្លាក់ទៅក្រោមបណ្ដាលឱ្យស្លាប់។
ចំណែកប្រភពព័ត៌មានពីពលរដ្ឋ មុនពេលកើតហេតុគេបានឮសំឡេងធ្លាក់មកខាងក្រោមបង្កការភ្ញាក់ផ្អើលដល់អ្នកនៅម្តុំនោះនាំគ្នារត់ទៅមើល ស្រាប់តែឃើញបុរសម្នាក់បានធ្លាក់មកដល់ដីដោយសភាពដាច់ខ្លួនជាពីរតែម្ដង។ ពេលនោះប្រជាពលរដ្ឋក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បីចុះធ្វើអន្តរាគមន៍។ នៅពេលដែលកម្លាំងសមត្ថកិច្ចបានមកដល់នៅទីតាំងកើតហេតុ បានធ្វើកោសល្យវិច័យទៅលើសាកសព និងទំនាក់ទំនងឆែករកភស្តុតាង និងមូលហេតុនៃការធ្លាក់ដោយសមត្ថកិច្ចថា ការធ្លាក់របស់ជនរងគ្រោះគឺជាអំពើធ្វើអត្តឃាតខ្លួនឯងដោយលោតចុះពីលើអគារ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានយកសាកសពទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីទំនាក់ទំនងទៅក្រុមគ្រួសារមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕