ភ្នំពេញ ៖ ទាស់ពាក្យសម្ដីគ្នាបន្តិចបន្តួច បុរសជាអ្នកជិះម៉ូតូ២នាក់ និងបុរសជាអ្នកអូសរទេះម្នាក់ បានឈានដល់ការវាយតប់គ្នាពេញដងផ្លូវ កាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ នៅតាមផ្លូវលេខ២៣៣ ចំណុចផ្សារសាមគ្គី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើងមានបុរស២នាក់ជិះម៉ូតូហុងដាវ៉េវ ពណ៌ក្រហម ពាក់ផ្លាកលេខ
ភ្នំពេញ ១BS-៥៣៦៩ ធ្វើដំណើរតាមផ្លូវលេខ២៣៣ ពីខាងត្បូងទៅខាងជើង ។ លុះទៅដល់ចំណុចខាងលើ ស្រាប់តែមានបុរសម្នាក់អូសរទេះបញ្ច្រាសទិសគ្នា និងបានអូសឆ្លងផ្លូវ ធ្វើឲ្យអ្នកជិះម៉ូតូវាក់ ក៏ព្យាយាមគេចពីរទេះនោះស្ទើរតែមិនទាន់ និងបានស្រែកឲ្យបុរសដែលអូសរទេះ បន្ទាប់មកក៏កើតជាការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ ក ដាក់គ្នាតែម្ដង។
ប្រភពដដែលបន្តថា ពេលនោះ បុរសអ្នកអូសរទេះបានស្ទុះទៅវាយបុរសទាំង២នាក់ដែលជិះម៉ូតូឌុបគ្នា ហើយបុរសទាំង២នាក់នោះក៏វាយតប ត វិញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកនៅក្បែរនោះ ចេញមកជួយឃាត់ ។ បន្ទាប់មក បុរសដែលអូសរទេះរូបនោះ ក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ ។
ប្រភពពីអ្នកជិះម៉ូតូ បាននិយាយប្រាប់ឱ្យដឹងថា រូបគាត់ និងប្អូនប្រុសរបស់គាត់ (ប្អូនប្រុសគឺជាជនពិការ គ-ថ្លង់) បានជិះឌុបគ្នាចេញពីទិញបន្លែនៅផ្សារសាមគ្គី លុះទិញហើយបំណងត្រឡប់ទៅផ្ទះវិញនៅក្រោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ លុះទៅដល់ចំណុចខាងលើ ក៏មានបុរសម្នាក់អូសរទេះឆ្លងកាត់ពីមុខម៉ូតូរបស់គាត់ ធ្វើឲ្យគាត់គេចស្ទើរតែមិនទាន់ ពេលនោះគាត់ក៏ឈប់ម៉ូតូ និងបានស្តីបន្ទោសឲ្យបុរសដែលអូសរទេះនោះ ស្រាប់តែ បុរសដែលអូសរទេះរូបនោះបានស្រែកចាក់បណ្តោយឱ្យគាត់ ដោយបុរសអូសរទេះរូបនោះថា «ម៉េចមិនជិះបុកទៅ» រួចក៏កើតជាជម្លោះពាក្យសម្ដីកើតឡើងតែម្ដង។
រំពេចនោះ បុរសដែលអូសរទេះក៏បានស្ទុះមកវាយពួកគាត់ទាំង២នាក់ និងមានបក្សពួកម្នាក់ទៀតរត់ចូលមកជួយដែរ បណ្តាលឲ្យគាត់ត្រូវដាល់ហើមមុខ ចំណែកប្អូនគាត់រងរបួសបែកក្បាល ។ បន្ទាប់មក បុរសដែលជាអ្នកអូសរទេះ និងបក្សពួកនាំគ្នារត់គេចខ្លួនបាត់ស្រមោលទៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកធ្វើអន្តរាគមន៍ និងឲ្យជនរងគ្រោះទៅមន្ទីរពេទ្យព្យាបាលរបួសសិន រួចហើយទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ជាបន្តទៀត ៕