ខេត្តស្ទឹងត្រែង៖ កម្លាំងផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាង សហការជាមួយ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសេកុង បានចុះបង្ក្រាបរោងសិប្បកម្មកែច្នៃឈើមួយកន្លែង រឹបអូសឈើលេខ១ បាន ១២០សន្លឹក ស្មើនឹងជាង ៣ម៉ែត្រគូបត្រីគុណ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិបានមួង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
មន្ត្រីសមត្ថកិច្ចនៅក្នុងការបង្ក្រាបឈើនោះ បានឲ្យដឹងថា ប្រតិបត្តិការនោះ បានធ្វើឡើងក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជេត ខេមរា បានបញ្ជាសមត្ថកិច្ចចុះបង្ក្រាបទីតាំងបើកសិប្បកម្មកែច្នៃផល-អនុផលព្រៃឈើមួយកន្លែង ដកហូតឈើអារប្រភេទលេខ១ (សុក្រម) ចំនួន១២០សន្លឹក ស្នើនឹងជាង ៣ម៉ែត្រគូបត្រីគុណ ,តាបឈូសឈើ ១គ្រឿង និងម៉ាស៊ីនម៉ាកយ៉ាំងដុងកំលាំង១៨សេះ ចំនួន១គ្រឿង។ ចំណែក ម្ចាស់ទីតាំងសិប្បកម្ម ដែលត្រូវបានគេស្គាល់ ឈ្មោះ ឈុន ហេង បានគេចខ្លួនបាត់ មុនពេលសមត្ថកិច្ចទៅដល់។
មន្ត្រីដដែលបានបញ្ជាក់ថា ក្រោយការបង្ក្រាប វត្ថុតាងទាំងអស់(ឈើ និងគ្រឿងម៉ាស៊ីន) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការដឹកជញ្ជូនយកមករក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាង ដើម្បីបន្តនីតិវិធីតាមច្បាប់ស្តីពីព្រៃឈើ។
ដោយឡែក នៅឯស្រុកសៀមបូកឯណោះវិញ មានសេចក្តីរាយការណ៍ជាញឹកញាប់ឲ្យដឹងថា សកម្មភាពដឹកជញ្ជូនធ្វើជំនួញ ចេញពីតំបន់ព្រៃឡង់ ចូលមកឃុំកាំងចាម ហើយឈ្មួញបានដឹកជញ្ជូនតាមទូក នាំឆ្ពោះទៅកាន់ខេត្តក្រចេះ និងការដឹកជញ្ជូនតាមម៉ូតូ ចូលមកក្នុងទីរួមខេត្តស្ទឹងត្រែង តែងកើតមានស្ទើរជារៀងរាល់យប់។ មន្ត្រីតូចតាច និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ខេត្ត និងស្រុក គួរចាត់វិធានការចុះទប់ស្កាត់ និងបង្ក្រាបឲ្យបានតឹងរឹងបំផុត បើពុំនោះទេ ធនធានព្រៃឈើ និងធនធានធម្មជាតិ ដែលនៅសេសសល់ចុងក្រោយនេះ នឹងរងការបាត់បង់ វិនាសហិនហោចអស់ ជាក់ជាពុំខានឡើយ៕