លាន់លឺដូចរន្ទះ! ផ្ទុះធុងខ្យល់ក្នុងផ្ទះដំឡើងស្ថានីយប្រេង និងធុងហ្គាស ធ្វើឱ្យរបួសធ្ងន់ស្រាល៦នាក់
Sokli
-

ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ផ្ទះដំឡើងស្ថានីយប្រេង និងធុងហ្គាសមួយកន្លែង ខណៈពេលជាងកំពុងតែដំឡើងសម្ភារៈស្ថានីយប្រេង និងហ្គាស ក៏ស្រាប់តែផ្ទុះធុងខ្យល់លាន់ឮឡើងយ៉ាងកក្រើក បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ចំនួន៥នាក់ និងស្រាលម្នាក់ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចទីតាំងយីហោ «រាជសីហ៍» ដែលសាងសង់ស្ថានីយប្រេងហ្គាស ផ្គត់ផ្គង់កុងទ័រប្រេងហ្គាស និងស៊ីទែនគ្រប់ប្រភេទ តាមបណ្ដោយផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពបានបន្តថា ម្ចាស់ផ្ទះផ្ទុះធុងខ្យល់ខាងលើនេះ មានឈ្មោះ អួន សុផារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។តាមប្រភពព័ត៌មានពីបងប្អូនជិតខាងនៅកន្លែងកើតហេតុ បាននិយាយប្រាប់ឱ្យដឹងថា «ទីតាំងខាងលើ គឺបើកអាជីវកម្មសាងសង់ស្ថានីយប្រេង និងហ្គាស ផ្គត់ផ្គង់កុងទ័រប្រេង ហ្គាស និងស៊ីទែនគ្រប់ប្រភេទ។ ហើយនៅមុនពេលកើតហេតុ ក្រុមគ្រួសាររបស់គាត់ គឺនៅក្នុងផ្ទះ ដោយមានគ្នាចំនួន៤នាក់ ក្នុងនោះប្តីប្រពន្ធ និងកូនស្រីតូច ព្រមទាំងជាងម្នាក់ផងដែរ»។

តាមប្រភពពត៏មានបន្តថា «ខណៈពេលជាងកំពុងតែដំឡើងសម្ភារៈស្ថានីយប្រេង និងហ្គាស ក៏ស្រាប់តែផ្ទុះធុងខ្យល់ដែលជាងកំពុងតែដំឡើងនោះ បណ្តាលឲ្យផ្ទុះបែកខ្ទាតពីខាងក្នុងចេញមកក្រៅ បណ្ដាលឱ្យមនុស្សនៅក្នុងផ្ទះចំនួន៤នាក់រងរបួសធ្ងន់ និងស្ត្រីជាអ្នកជិតខាងម្នាក់ក៏ត្រូវរងរបួសស្រាល ព្រមទាំងអ្នករួមដំណើរម្នាក់ទៀតដែលចូលមកមើលនៅខាងមុខផ្ទះ ក៏ត្រូវរងរបួសធ្ងន់ផងដែរ» ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបន្តទៀតថា ខណៈពេលកម្លាំងធុងខ្យល់ផ្ទុះនោះ គឺទ្វារផ្ទះដែលបិទ ត្រូវបានកម្លាំងខ្យល់បុកធ្វើឱ្យរងការខូចខាតបែកកញ្ចក់ខ្ទាតចេញមករាយប៉ាយពេញផ្លូវតែម្ដង ព្រមទាំងប៉ើងដំបូលស័ង្កសីផ្ទះខាងមុខ ធ្វើឱ្យដាច់ដោចរងការខូចខាតយ៉ាងដំណំ សូម្បីតែអ្នកជិតខាងកំពុងតែលក់ដូរនោះ ក៏ធ្វើឱ្យកញ្ចក់ទូដាក់ភេសជ្ជៈរងការខូចខាតបែកខ្ទេចអស់មួយចំនួនធំផងដែរ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះឯកជនសម្ភពជាច្រើនរថយន្ត ក្នុងនោះរួមមានរថយន្តសង្គ្រោះឯកជនសម្ភពសែនមានជ័យ និងសម្ភព ពន្លឺ ព្រមទាំងរថយន្តផ្សេងទៀត បានមកដឹកជនរងគ្រោះភ្លាមៗ ដើម្បីយកទៅសង្គ្រោះផងដែរ។ ចំណែកជនរងគ្រោះរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះឯកជន បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ ។

ទន្ទឹមនឹងនេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រួមទាំងសមត្ថកិច្ចជំនាញ បានចុះមកកន្លែងកើតហេតុភ្លាមៗ តែជនរងគ្រោះត្រូវរថយន្តសង្គ្រោះឯកជន បញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជនជាច្រើនបាត់ទៅហើយ ដោយមិនទាន់ថា តើដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យណាខ្លះនៅឡើយទេ ដែលកំពុងព្យាបាលជនរងគ្រោះក្នុងករណីខាងលើនេះ៕