ជប៉ុន៖ នៅក្នុងសួនកម្សាន្តយក្ស New Reoma World នៅខេត្ត កោះ Shikoku ប្រទេស ជប៉ុន មានការដាក់តាំងបង្ហាញសំណង់មួយដែលរចនាតាមប្រាសាទអង្គរវត្ត ឲ្យទេសចរទស្សនាកម្សាន្ត។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Matcha ដែលជាគេហទំព័រផ្សព្វផ្សាយទេសចរណ៍មួយរបស់ជប៉ុន ។

តាមប្រភពបានលើកឡើងថា ប្រសិនបើអ្នកទៅទស្សនាសួនកម្សាន្តមួយនេះអ្នកនឹងបានទៅដល់តំបន់អាណាចក្រអង្គររបស់ប្រទេសកម្ពុជា។ ក្នុងនោះមានប្រាសាទមួយដែលធ្វើឡើងតាមរចនាបថអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានបង្កើតឡើងវិញយ៉ាងត្រឹមត្រូវនៅទីនេះ។

ទន្ទឹមនឹងនេះ Matcha បន្តទៀតថា សិប្បករអាស៊ីអាគ្នេយ៍មួយចំនួន ត្រូវបានអញ្ចើញមកប្រទេសជប៉ុន ដើម្បីសាងសង់តំបន់នេះយ៉ាងល្អិតល្អន់បំផុត។ តាមការចុះផ្សាយដដែលនេះ ក៏បានឲ្យដឹងថា នៅក្នុងសួនកម្សាន្តយក្ស New Reoma World នេះមានសំណង់ប្រវត្តិសាស្ត្រជាច្រើន ដែលសាងសង់តាមរចនាបថដើម ដើម្បីឲ្យទេសចរដែលមិនទាន់បានទៅទស្សនាសំណង់ប្រវត្តិសាស្ត្រពិតបានឃើញ និងស្គាល់។

ក្រៅពីការសាងសង់ប្រាសាទខ្មែរ សួនកម្សាន្តមួយនេះក៏បានសាងសង់ ស្ថាបត្យកម្មវត្ត Tashiccho Dzong របស់ប្រទេសប៊ូតង់ សំណង់ស្ថាបត្យកម្មល្បីៗរបស់សាសនាឥស្លាម និងស្ថាបត្យកម្មល្បីៗដទៃទៀត។

គួររលឹកថា សួនកម្សាន្តយក្សដ៏ល្បីល្បាញ New Reoma World បើកដំណើរការតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ដោយមានកម្មវិធីកម្សាន្តជាច្រើនការជិះកន្ត្រក សួនផ្កាដ៏ធំល្វឹងល្វើយ អាងទឹក roller coasters សំណង់ប្រវត្តិសាស្ត្រ និងផ្ទះស្នាក់ជាដើម៕