ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើការបកស្រាយបំភ្លឺជុំវិញករណីហិង្សាទៅលើបុរសម្នាក់ ដែលជួយជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌច្បារអំពៅ តែបែរសន្តិសុខមន្ទីរសម្រាកពហុព្យាបាល ណាត្រា នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ យល់ច្រឡំថា ជាជនបន្លំលួចសម្ភាររបស់ជនរងគ្រោះ ទៅវិញ ។
បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានមួយចំនួន និងបណ្តាញព័ត៌មានសង្គម ករណីហិង្សាកើតឡើងនៅចំណុចផ្លូវ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងបុរសម្នាក់ជាអ្នករត់ម៉ូតូកង់៣ ជាអ្នកជួយជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅខណ្ឌច្បារអំពៅ ជាមួយបុរសជាសន្តិសុខរបស់មន្ទីរសម្រាកពហុព្យាបាល ណាត្រា នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ កាលពីយប់អធ្រាត្រឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ឲ្យធ្វើការស្រាវជ្រាវបំភ្លឺ ជុំវិញបញ្ហានេះជាបន្ទាន់ ។
តាមការបញ្ជាក់ពីអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបង្ហាញថា ក្រោយពីកើតហេតុការណ៍ អំពើហិង្សាខាងលើនោះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ ក៏បានចុះទៅដល់កន្លែងកើតហេតុ បានជួបជាមួយជនរងគ្រោះឈ្មោះ ឡាំ ចាន់ថា ភេទប្រុស អាយុ៣៥ឆ្នាំ ដែលជាអ្នកជួយជនរងគ្រោះ ករណីគ្រោះថ្នាក់ចរាចរណ៍ និងថែមទាំងបានធ្វើដំណើរតាមរថយន្តសង្គ្រោះមកដល់មន្ទីរសម្រាកពហុព្យាបាល ណាត្រា ដោយបានអះអាងថា ជាសាច់ញាតិជនរងគ្រោះ ព្រមទាំងកាន់ទូរសព្ទដៃជនរងគ្រោះ ផងដែរ ។
ខណៈនោះ មន្ត្រីប៉ុស្តិ៍ បានសាកសួររឿងរ៉ាវហេតុការណ៍ខាងលើ ទើបដឹងថា ករណីហិង្សានេះផ្តើមចេញពីឈ្មោះ មាស រតនៈ ភេទប្រុស អាយុ២៤ឆ្នាំ ជាសន្តិសុខមន្ទីរសម្រាកពហុព្យាបាល ណាត្រា បានយល់ច្រឡំទៅលើបុរសឈ្មោះ ឡាំ ចាន់ថា ខណៈឈ្មោះ មាស រតនៈ បានសុំទូរសព្ទដៃរបស់ជនរងគ្រោះ ដើម្បីទំនាក់ទំនងសាច់ញាតិជនរងគ្រោះ ប៉ុន្តែថា បុរសឈ្មោះ ឡាំ ចាន់ថា មានបំណងចង់គេចវេស។
សន្តិសុខឈ្មោះមាស រតនៈ មានការសង្ស័យឈ្មោះ ឡាំ ចាន់ថា ជាជនបន្លំចង់លួចទូរសព្ទដៃជនរងគ្រោះ នៅពេលនោះ ក៏មានការប្រតាយប្រតប់គ្នា នៅលើកំណាត់ផ្លូវ៣៧១ នាំឲ្យបុរសឈ្មោះ ឡាំ ចាន់ថា រងរបួសលើផ្ទៃមុខតែម្តង។
បន្ទាប់មកបុរសឈ្មោះ ឡាំ ចាន់ថា ក៏បានដាក់ពាក្យប្តឹងទៅលើឈ្មោះ មាស រតនៈ ។ ក្រោយមក មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ កោះហៅអ្នកទាំងពីរនាក់ ចូលខ្លួនមកបំភ្លឺ ។
ក្នុងនោះ បុរសឈ្មោះ មាស រតនៈ ជាសន្តិសុខមន្ទីរសម្រាកពហុព្យាបាល ណាត្រា បានឆ្លើយទទួលកំហុស ពិតជាមានការយល់ច្រឡំ និងសុំទោសចំពោះបុរសឈ្មោះ ឡាំ ចាន់ថា ហើយអ្នកទាំង ក៏បានសម្របសម្រួលយោគយល់គ្នា ដោយឈ្មោះ ឡាំ ចាន់ថា បានសម្រេចដកពាក្យបណ្តឹងពីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ មិនប្តឹងទៅលើឈ្មោះ មាស រតនៈ នោះទៀតទេ។ ជាមួយនឹងការទទួលយកសំណង ៣៥០ដុល្លារ ដើម្បីព្យាបាលមុខរបួស ។
សូមរលឹកថា នៅម៉ោង២១និង៥០នាទីថ្ងៃទី២៣ ខែកញ្ញា ២០២៣ នៅចំណុចផ្លូវចូលបូរីប៉េងហួត(ខាងកើត) លើផ្លូវជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ត និង ម៉ូតូ។
រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BJ-8991 បើកបរដោយឈ្មោះ យ៉ែម ស៊ឹម ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរគ្រូបង្រៀនភាសាអង់គ្លេស ស្នាក់នៅផ្ទះលេខ១០ ផ្លូវ៤០០ ភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មិនរងរបួស)។ ធ្វើដំណើរចេញពីផ្លូវបូរីប៉េងហួត(ខាងកើត) ទិសដៅពីត្បូងមកជើង ឆ្លងផ្លូវជាតិលេខ១ បត់ឆ្វេងមកទិសខាងលិច លុះមកដល់ត្រងចំណុចកើតហេតុ បានបុកជាមួយម៉ូតូ០១គ្រឿង ម៉ាក DUKE ពណ៍ស+ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1FA-1516 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត (មិនពាក់មួកសុវត្ថិភាព) បើកបរដោយឈ្មោះ សាយ គឹមហុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅផ្ទះ៤១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (រងរបួសស្រាល) បញ្ជូនទៅព្យាបាលនៅមន្ទីរសម្រាកព្យាបាល ណាត្រា នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។
រថយន្ត និងម៉ូតូរងការខូចខាតស្រាល ផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោក និងការវាស់វែងពិនិត្យកន្លែងកើតហេតុរបស់មន្ត្រីនគរបាលចរាចរណ៍ សន្និដ្ឋានបានថា ៖ អ្នកបើកបររថយន្តបើកបត់ឆ្វេងឆ្លងផ្លូវ មិនគោរពសិទ្ធិយានផ្លូវត្រង់ ៕