គ្រាន់តែជិះម៉ូតូវ៉ាគ្នា បង្កជាហិង្សាកាប់គ្នា ផ្អើលអ្នកដំណើរតាមផ្លូវ
Sokli
-

ខេត្តព្រៃវែង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ សហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកពាមជរ បានធ្វើការឃាត់ខ្លួនយុវជនមួយក្រុម មានគ្នា៤នាក់ ក្រោយពេលពួកគេធ្វើសកម្មភាពជិះម៉ូតូដេញកាប់យុវជន២នាក់បណ្ដាលឲ្យរងរបួសស្រាល។

ប្រភពពត៏មានបានអោយដឹងថា សកម្មភាពចុះបង្ក្រាប និងឃាត់ខ្លួនខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិឧត្តម ស្ថិតក្នុងឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង ដោយកម្លាំងនគរបាលចំនួន២ស្រុក គឺស្រុកពាមជរ និងស្រុកពាមរក៍ បានសហការគ្នាចុះបង្ក្រាបដោយផ្ទាល់។ ហើយពីដំបូង គឺធ្វើការឃាត់ខ្លួនក្រុមយុវជនបានចំនួន៣នាក់ បន្ទាប់មកនៅរសៀលថ្ងៃដដែល ក៏ឈានទៅដល់ការឃាត់ខ្លួនបក្សពួកម្នាក់ថែមទៀត។

ក្រុមយុវជនទាំង៤នាក់ដែលត្រូវចាប់ឃាត់ខ្លួនខាងលើនេះ

ទី១- ឈ្មោះ សាន់ ចេង ហៅ ពៅ អាយុ១៥ឆ្នាំ មុខរបរសិស្ស។

ទី២- ឈ្មោះ ហួរ រ៉នវឌ្ឍនា អាយុ១៦ឆ្នាំ មុខរបរសិស្ស។

ទី៣- ឈ្មោះ ទាវ ឧត្តម អាយុ១៨ឆ្នាំ មុខរបរសិស្ស

ទី៤- ឈ្មោះ ជុំ អេង អាយុ៣០ឆ្នាំ មុខរបរកសិករ។ អ្នកទាំង៤នេះ មានទីលំនៅក្នុងភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា យុវជនម្នាក់ឈ្មោះ ទាវ ឧត្តម បានជិះម៉ូតូនៅលើផ្លូវជាតិលេខ៣១០ ស្ថិតក្នុងភូមិឧត្តម ឃុំព្រែកក្របៅស្រុកពាមជរ។ ខណៈពេលនោះ ក៏មានយុវជនពីរនាក់ផ្សេងទៀត ជិះម៉ូតូមួយគ្រឿងមកពីក្រោយ ហើយបានបើកវ៉ាម៉ូតូរបស់ឈ្មោះ ទាវ ឧត្តម ធ្វើឱ្យឈ្មោះ ឧត្តម ខឹង ក៏ជិះម៉ូតូដេញតាមពីក្រោយ រហូតទៅទាន់ រួចសម្លឹងមើលមុខយុវជនទាំង២នាក់នោះតែម្ដង។ បន្ទាប់មក រូបគេ (ទាវ ឧត្តម) ក៏បានទូរស័ព្ទហៅបក្សពួករបស់គេ គឺឈ្មោះ ហ៊ួរ រ៉នវឌ្ឍនា ដោយប្រាប់ថា «មានគេជិះម៉ូតូវ៉ាខ្លួន ហើយរកវាយខ្លួនទៀត»។

ក្រោយឮដូច្នេះភ្លាម ធ្វើឲ្យឈ្មោះ ហួរ រ៉នវឌ្ឍនា ជាមិត្តភក្តិខឹង ហើយក៏នាំឈ្មោះ សាន់ចេង ហៅ ពៅ ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃមួយដើម ដេញតាមពីក្រោយភ្លាមៗតែម្ដង។ លុះពេលទៅទាន់ម៉ូតូយុវជនរងគ្រោះទាំង២នាក់ នៅចំណុចគល់ស្ពានព្រែកធំ ក៏ធ្វើសកម្មភាពកាប់ទៅលើម៉ូតូយុវជនរងគ្រោះមួយដាវត្រូវកែបម៉ូតូ និងមួយដាវទៀតត្រូវយុវជនរងគ្រោះឈ្មោះ សេង សេដ្ឋាន បណ្ដាលឲ្យរបួសស្រាល។ ភ្លាមៗនោះ យុវជនរងគ្រោះក៏ជិះម៉ូតូរត់មកដល់មុខវត្តអ្នកលឿងក្រោម រួចស្រែកហៅឲ្យគេជួយ ទើបក្រុមយុវជនបង្កខ្លាច ក៏នាំគ្នាបកម៉ូតូត្រឡប់ត្រឡប់ក្រោយវិញ រួចរត់គេចខ្លួនបាត់អស់ទៅ។

លុះស្អែកឡើង គឺថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ទើបយុវជនរងគ្រោះនាំគ្នាមកដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំអ្នកលឿង ហើយក៏ឈានទៅដល់ការចុះតាមស្វែងរកក្រុមយុវជនបង្កទាំងនោះ រហូតរកឃើញ និងចាប់ខ្លួនបានជាបន្តបន្ទាប់ចំនួន៤នាក់។

បច្ចុប្បន្ន ក្រុមយុវជនបង្កទាំង៤នាក់នេះ កំពុងតែឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពាមរក៍ ដោយសមត្ថកិច្ចកំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាត់ការបន្តទៀត។