រន្ធត់ណាស់! រថយន្ដមួយគ្រឿងបើកឡើងខឿនផ្លូវហោះទៅបុកអ្នកប៉ះកង់ជាជនពិការស្លាប់ភ្លាមៗ
Sokli
-

ភ្នំពេញ៖ បុរសដែលជាជនពិការម្នាក់ ខណៈកំពុងអង្គុយរង់ចាំភ្ញៀវមកប៉ះកង់ស្រាប់តែមានរថយន្តមួយគ្រឿងសង្ស័យម្ចាស់ស្រវឹងបេីកបរក្នុងល្បឿនលឿនដូចហោះរេចង្លូតទៅបុកបណ្ដាលឱ្យបុរសពិការជាជាងប៉ះកង់ស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ៌ម ។

គ្រោះថ្នាក់យ៉ាងរន្ធត់នេះកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចរបងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AT-6075 មានក្មេងចាស់ពីរនាក់ទៀតរួមដំណើរជាមួយ ដោយធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងស្តាំឡើងទៅលើចឹញ្ចើមផ្លូវបុករឺម៉កប៉ះកង់ពេញទំហឹងបណ្ដាលឱ្យរឺម៉កប៉ះកង់ដាច់ជាបំណែក ខូចខាតទាំងស្រុង និងស្លាប់បុរសពិការជាជាងប៉ះកង់ម្នាក់ នៅកន្លែងកើតហេតុ និងក្រុមគ្រូសារគាត់ពីរនាក់ទៀតងរបួសធ្ងន់ ចំណែកខាងភាគីរថយន្តរងរបួសក្មេងម្នាក់។

ក្រោយកើតហេតុ ភ្លាមៗនោះប្រជាពលរដ្ឋនាំគ្នាឃាត់តៃកុងរថយន្តរួចប្រគល់ជូនសមត្ថកិច្ច។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន និងជំនាញក៏បានចុះមកធ្វើការវាស់វែងយករថយន្ត និងរឺម៉កប៉ះកង់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕