ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនរគបាលខណ្ឌសែនសុខ បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់ បញ្ជូនទៅកាន់ប៉ុស្ដិ៍រដ្ឋបាលនរគបាលសង្កាត់ភ្នំពេញថ្មីទាំងកណ្ដាលរាត្រី បន្ទាប់ពីផឹកស៊ីចាក់ធុងបាសបង្កសម្លេងរំខានដល់អ្នកជិតខាង។ ហើយមុនពេលឃាត់ខ្លួននោះ គឺនរគបាលចុះអប់រំណែនាំ តែមិនព្រមស្តាប់ បែរជាស្ដីបន្ទោសសមត្ថកិច្ច និងអួតខ្លួនថា «ជាថ្នាក់លើ និងខ្សែធំណាស់» ទើបត្រូវឃាត់ខ្លួនតែម្ដង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្បែរផ្សារក្រមួនតាម បណ្ដោយផ្លូវ១៩៧៤ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យោងតាមប្រភពពីសមត្ថកិច្ច បានរៀបរាប់ប្រាប់ឲ្យដឹងថា មុននឹងឈានដល់ការឃាត់ក្រុមអ្នកផឹកស៊ីទាំងនោះ គឺមានប្រជាពលរដ្ឋបានទូរស័ព្ទរាយការណ៍មកថា មានមនុស្សមួយក្រុមបានជួបជុំផឹកស៊ីកម្សាន្ដសប្បាយ ដោយមានការចាក់ធុងបាសលឺៗ ហើយនៅវេលាយប់រំលងអធ្រាត្រទៅហើយ នៅតែមិនព្រមឈប់ទៀត ជាហេតុបង្កសម្លេងរំខានយ៉ាងខ្លាំងៗ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋភ្លាម ទើបកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ និងបានស្នើសុំឱ្យក្រុមអ្នកផឹកស៊ីទាំងនោះ បញ្ឈប់ការចាក់ធុងបាសដែលបង្កការរំខានដល់អ្នកជិតខាងទៀត បន្ទាប់មក សមត្ថកិច្ចក៏ជិះចេញពីទីនោះដើម្បីបន្តការជិះល្បាតនៅក្នុងមូលដ្ឋានជាបន្តទៀត។
សមត្ថកិច្ចបន្តទៀតថា មួយសន្ទុះក្រោយមក ក៏មានប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចម្តងទៀតថា ក្រុមអ្នកផឹកស៊ីទាំងនោះនៅតែបន្តចាក់ធុងបាសលឺៗរំខានមិនទាន់ឈប់ទេ ។ សមត្ថកិច្ចក៏ចុះទៅជាលើកទី២ និងបានស្នើសុំទៅពួកគេជាលើកទី២ តែក្រុមអ្នកផឹកស៊ីទាំងនោះ បែរជាស្ដីសន្ទោស និងជេរប្រមាថទៅលើសមត្ថកិច្ចថា «ផឹកស៊ីតិចតួចមិនបាន» និងបានអួតខ្លួនថា «ជាថ្នាក់លើ និងខ្សែធំណាស់» ថែមទាំងមិនស្ដាប់សមត្ថកិច្ច ព្រមទាំងស្រែកឡូឡាផ្អើលគេឯងទាំងកណ្ដាលរាត្រី ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនអ្នកផឹកស៊ីទាំងនោះភ្លាមតែម្ដង។
បច្ចុប្បន្ន ក្រុមអ្នកផឹកទាំង៥នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅកាន់តែប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីចាត់ការទៅតាមនីតិវិធី។