លួចរថយន្តបានសម្រេច ហើយដូរផ្លាកលេខ តែចុងក្រោយគេចមិនផុតដៃសមត្ថកិច្ច
Sokli
-

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ស្ថិតនៅចំណុចបុរី HILL PARK VILLA ក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (លួចរថយន្តដោយវាយបំបែកកញ្ចក់រថយន្ត កាត់ខ្សែសោរថយន្ត) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយករថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 2BG-7889 ដែលជនរងគ្រោះចតទុកនៅក្បែរផ្ទះ រួចជិះគេចខ្លួនបាត់ ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម ដោយទទួលបានបទបញ្ជាពីឯកឧត្ដមឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់និរោធ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ជនជាតិចិន ភេទប្រុស និងដកហូតបានវត្ថុតាងរថយន្តដែលបាត់ខាងលើ ដោយជនសង្ស័យបានផ្លាស់ប្តូរផ្លាកលេខរថយន្តទៅជាលេខ(ភ្នំពេញ 2AI-5090) ដើម្បីបន្លំភ្នែកសមត្ថកិច្ចយើង ។

ជនរងគ្រោះឈ្មោះ ZHANG CHENDONG ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរជាអ្នកបើកបររថយន្ត មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ សម្ភារបាត់បង់ រថយន្ត ០១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 2BG-7889 ។ ជនសង្ស័យទាំង០២នាក់ មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ LIU HAI HUA ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ។

២-ឈ្មោះ LI XIAOJUN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ។

វត្ថុតាងចាប់យកបាន៖ រថយន្ត០១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ 2BG-7889 (ជាផលនៃអំពើចោរកម្ម) រថយន្ត០១គ្រឿងម៉ាក PRUIS ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-2574 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស) ផ្លាកលេខរថយន្ត ០២គូ (ជាផលនៃអំពើចោរកម្ម) ១-មានលេខៈ ភ្នំពេញ 2AB-7893 ២-មានលេខៈ ភ្នំពេញ 2AI-5090 ឧបករណ៍ផ្តាច់ប្រព័ន្ធ GPS រថយន្ត ០១គ្រឿងឧបករណ៍ថតចម្លងទិន្ន័យសោររថយន្ត ០២គ្រឿង ឧបករណ៍ GPS ០១គ្រឿង ឧបករណ៍សប់ខ្យប់ សម្រាប់បើកទ្វាររថយន្ត ចំនួន ០៥ ឧបករណ៍ចុចបំបែកកញ្ចក់រថយន្ត ០១គ្រឿង ដែកសម្រាប់ទាក់បើកដៃទ្វាររថយន្ត ចំនួន ០១ ដង្កាប់ ០៣ដើម ម៉ាស៊ីនស្វាន ០១គ្រឿង ទល់រឺវីស ០៣ដើម ពិលតូច ០២គ្រឿង សោរថយន្ត ចំនួន ០២ ស្រោមដៃ និងម៉ាសមួយចំនួន ។

ចំពោះហេតុការណ៍ខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តនិតិវិធី ។