ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថ្ងៃឈប់សម្រាកបងប្អូនកម្មករនិយោជិត ក្នុងឆ្នាំ២០២៤ ដោយទទួលបានប្រាក់ឈ្នួល ។
យោងតាមប្រកាសព័ត៌មានរបស់ក្រសួងការងារ កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្មករបានឈប់សម្រាកថ្ងៃបុណ្យ មានចំនួន២២ថ្ងៃ ហើយទទួលបានប្រាក់ឈ្នួលធម្មតា ។
ក្រសួងបានលើកឡើងថា ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្ម មានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យ នៃកម្មករនិយោជិតទាំងអស់ ព្រមគ្នាក្នុងពេលតែមួយនាំឲ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន នោះ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឲ្យកម្មករនិយោជិតបានឈប់សម្រាក ទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ប្តូរគ្នា ។
ក្នុងករណី មានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុង របស់សហគ្រាស គ្រឹះស្ថាន ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិត អាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសនេះ។ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្ដូរគ្នាឈប់សម្រាកនៅថ្ងៃបុណ្យនីមួយៗ ហើយរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។ ក្នុងអំឡុងពេល នៃការឈប់សម្រាកដោយផ្លាស់ប្ដូរគ្នានេះ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន អាចប្រើប្រាស់ កម្មករនិយោជិតផ្សេងជាបណ្តោះអាសន្ន មកជំនួសកម្មករនិយោជិត ដែលបានឈប់សម្រាក ៕