ថៅកែពេជ្រ ទ្រី ដាណា បានប្រកាសធ្វើតាមផ្លូវច្បាប់ចំពោះម្ចាស់ផ្ទះលំហែនៅខេត្តពោធិសាត់ នឹងផ្តាំឱ្យបុគ្គលិកក៏ដូចជាតំណាងចែកចាយទាំងអស់កុំលក់គ្រឿងពេជ្រឱ្យក៏ដូចជាកុំស្នាក់នៅក្នុងផ្ទះលំហែរបស់លោក ។ ការចាត់វិធានការតាមផ្លូវច្បាប់របស់លោកស្រី ទ្រី ដាណា ក៏មានទាំងអ្នកគាំទ្រនិងអ្នករិះគន់ផងដែរ ។
គួររលឹកថាក្រោយពីបានប្រើពាក្យសម្តីថៅកែពេជ្រ«កុំឱ្យលុយធីបពួកវា»កាលពីចុងឆ្នាំ ២០២៣ បានធ្វើឱ្យលោកស្រី ទ្រី ដាណា រងការរិះគន់ជាខ្លាំងរហូតធ្វើឱ្យម្ចាស់ផ្ទះលំហែដែលស្ថិតនៅស្រុកវាលវែងខេត្តពោធិសាត់បានប្រកាសមិនទទួលលោកស្រី ជាភ្ញៀវនៅក្នុងរីសតរបស់ខ្លួន។
ការលើកឡើងចំៗជាសាធារណៈបែបនេះបានធ្វើឱ្យលោកស្រី ទ្រី ដាណា ក្តៅស្លឹកត្រចៀកប្រកាសប្រាប់បុគ្គលិកនិងតំណាងចែកចាយទាំងអស់កុំទៅស្នាក់នៅកន្លែ ងលោក និងលក់គ្រឿងពេជ្រឱ្យ។ មិនតែប៉ុណ្ណោះថៅកែពេជ្ររូបនេះបានសម្រេចដាក់ពាក្យបណ្តឹងដល់ម្ចាស់ផ្ទះលំហែនេះផងដែរ។
លោកស្រីបានសរសេររៀបរាប់ថា«នាងខ្ញុំ ទ្រី ដាណា សូមប្រកាសជូនសម្ព័ន្ធក្រុមហ៊ុនខ្ញុំទាំងអស់ រួមទាំងតំណាងចែកចាយរាប់ម៉ឺននាក់ទូទាំង ២៥រាជធានីខេត្ត ហាងមាស ពេជ្រ គ្រប់សាខា និងបុគ្គលិកទាំងអស់របស់ខ្ញុំ ប្រសិនបើឃើញបុរសម្នាក់នេះ និងមានឈ្មោះដូចបង្ហាញលើ Facebook របស់គាត់ សូមកុំលក់ជូន ហើយក៏សូមបញ្ជាក់ថា នាងខ្ញុំក៏មិនត្រូវការគាត់ជាភ្ញៀវដែរ។ ម្យ៉ាងទៀត សូមកុំស្នាក់នៅ ឬទទួលសេវានៅទីនោះដោយសារតែគាត់មានការរាររអៀសខ្លួន កន្លែងអន់ សេវាអន់ទើបខ្លាចរអាលបែបនេះ។
នាងខ្ញុំមិនទម្លាប់ប៉ះពាល់អ្នកណាមុនទេតែពួកគាត់យកឈ្មោះនាងខ្ញុំទៅបង្ហោះប្រមាថ កើតចេញពីរឿងមួយ បង្វែរទៅរឿងផ្សេង នាំអោយមានការយល់ច្រឡំ ស្អប់នាងខ្ញុំ។ តាំងពីដើមមក នាងខ្ញុំមិនដែលធ្វើអោយអ្នកណារងការឈឺចាប់ ឬយកគេជាប្រធានបទ ដើម្បីតោងល្បីខុសរឿងនោះទេ តែសរសើរពួកគាត់អាចធ្វើបាន ហើយបង្ហោះច្រើនដងទៀត ដោយគិតថាអាចបំពានជាន់ឈ្លីបាន។ បើអ្នកចង់ល្បី អាចមានវិធីផ្សេងច្រើន តែបើគ្មានគំនិតផ្ទាល់ខ្លួនទេ កុំយកឈ្មោះគេទៅប្រើ! សារនេះ ចេញពីនាងខ្ញុំ និងមានប្រសិទ្ធភាពចាប់ពីនាទីនេះទៅ!ហើយចំពោះម្នាក់នេះ នឹងជួបខ្ញុំក្នុងពេលឆាប់ៗ តាមផ្លូវច្បាប់!»។
ការប្រកាសប្តឹងរបស់លោកស្រី ទ្រី ដាណា ចំពោះម្ចាស់ផ្ទះលំហែបានធ្វើឱ្យមានការគាំទ្រនិងរិះគន់ តែអ្នកជំនួញតាមអនឡាញរូបនេះបញ្ជាក់ថាមានហេតុទើបមានផល៕