ថ្លើមធំមែន! ក្មេងទំនើង៧នាក់ស្ទាក់វាយប៉ូលិស និងប្រជាការពារខ្ទេចអស់ម៉ូតូ៤គ្រឿង
Sokli
-

ក្រុមក្មេងទំនើងចំនួន៧នាក់ ពិតជាហ៊ានណាស់ នាំគ្នាធ្វើសកម្មភាពស្ទាក់វាយមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលយុទ្ធសាមគ្គី និងប្រជាការពារ ព្រមទាំងវាយកម្ទេចម៉ូតូបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែយ៉ាងណាមិញក្រោយកើតហេតុណ៍ភ្លាមៗ ត្រូវឃាត់បាន៦នាក់ រួចកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ចំណែកម្នាក់ទៀតជាប្រធានក្រុមរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២៣និង៣០នាទី រំលងអាធ្រាត តាមផ្លូវលំ ស្ថិតនៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ ខណៈពេលកម្លាំងនគរបាលដឹកនាំកម្លាំងប្រជាការពារចុះល្បាតតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋាន។

តាមប្រភពពី អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលយុទ្ធសាមគ្គី និងប្រជាការពារ បានចុះល្បាតតាមក្នុងភូមិសាស្រ្ត បានជួបក្មេងទំនើងមួយក្រុមមានគ្នាចំនូន៧នាក់ បានធ្វើសកម្មភាពដេញកាប់មកលើកម្លាំងសមត្ថកិច្ច និងប្រជាការពារកំពុងជិះម៉ូតូល្បាតតាមផ្លូវ ប៉ុន្តែមិនបង្កឲ្យមានរបួលធ្ងន់ធ្ងរនោះទេ។ ដោយឡែកម៉ូតូនគរបាល និងប្រជាការពារជិះធ្វេីល្បាតចំនួន៤គ្រឿង ត្រូវបានក្រុមក្មេងទំនើងទាំងនោះវាយកម្ទេចចោលយ៉ាងដំណំ។

ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះអន្តរាគមន៍ភ្លាមៗរហូតធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្នុងនោះរួមមាន៖

ទី១-ឈ្មោះ សៀង លីស៉ីម ភេទប្រុស អាយុ២០ឆ្មាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។

ទី២-ឈ្មោះ ស៉ីម តូនី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។

ទី៣-ឈ្មោះ សេង គីឈុយ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។

៤-ឈ្មោះ ដុក ផាលាន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលច្រុះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។

ទី៥-ឈ្មោះ សៀង ទិត្យរីសា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។

ទី៦-ឈ្មោះ ម៉ុន ឈ័ង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ

ចណែកម្នាក់ទៀតឈ្មោះ ស៉ីម ឆវ័ន្ត ហីម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ដែលជាប្រធានក្រុមដឹកនាំក្រុមបានរត់គេចខ្លួនបាត់កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកឃាត់ខ្លួន។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានឆ្លើយថា «ពួកគេទាំងអស់ពិតជាបានចូលរួមធ្វើសកម្មភាពកាប់ម៉ូតូរបស់សមត្ថកិច្ច និងប្រជាការពារនៅចំណុចកើតហេតុខាងលើដោយឈ្មោះ ស៉ីម តូនី (ហៅអ៉ឹង ) ជាអ្នកកាន់កាំបិតកាប់ទៅលើម៉ូតូ០៤គ្រឿងពិតប្រាកដមែន»។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានកសាងសុំណុំរឿងបញ្ជូលទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធីច្បាប់៕