ដឹងការពិតហើយ! បុរសម្នាក់ប្រឌិតរឿងចោរប្លន់ម៉ូតូបានប្រាប់អោយដឹងពីមូលហេតុហើយ
Sokli
-

រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានបានឱ្យដឹងបន្តនារសៀលថ្ងៃទី១១ មករា ឆ្នាំ២០២៤ នេះថា បុរសឈ្មោះលី រ៉ូហ្សា អាយុ៣២ឆ្នាំ ដែលប្រឌិតរឿងចោរប្លន់ម៉ូតូ នៅចំណុចជិតរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ កាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១០ មករា ឆ្នាំ២០២៤ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញរវល់មួយយប់ទល់ភ្លឺក្នុងការតាមស្វែងរកមុខសញ្ញាជនសង្ស័យនោះ បានសារភាពប្រាប់មូលហេតុថា រូបគាត់មានវិបត្តិគ្រួសារ ដោយសារតែគ្មានអ្នកយកចិត្តទុកដាក់លើគាត់ ទើបប្រឌិតរឿងនេះឡើង ដើម្បីអោយគ្រួសារមានការបារម្ភមកលើគាត់ នឹងយកចិត្តទុកដាក់លើគាត់វិញ ។

យោងតាមចម្លើយសារភាពរបស់បុរសខាងលើបានឱ្យដឹងថា គាត់មានវិបត្តិគ្រួសារដោយសារតែគ្មានអ្នកយកចិត្តទុកដាក់លើគាត់ ទើបប្រឌិតរឿងនេះឡើងដើម្បីអោយគ្រួសារមានការបារម្ភមកលើគាត់ និងយកចិត្តទុកដាក់មកលើគាត់វិញ ។ ដោយឡែករបួសបែកក្បាលនោះ បុរសរូបនោះបានយកក្រវិលកំប៉ុងភេសជ្ជៈមកឆូត ក របស់ខ្លួន រួចក៏បានខ្ចីទូរស័ព្ទសន្តិសុខតេប្រាប់បងថ្លៃថា មានជនសង្ស័យប្លន់យកម៉ូតូរបស់ខ្លួន និងបង្កមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍នៅទីតាំងកើតហេតុភ្លាមៗតែម្តង ។

តាមការបញ្ជាក់ពីលោក ម៉ៅ ចាន់ថុល អធិការរងខណ្ឌដូនពេញ ទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា ទោះបីជាបុរសខាងលើសារភាពទទួលកំហុសក៏ពិតមែន ប៉ុន្តែដោយសារតែបុរសរូបនោះ បានប្រឌិត និងបំប៉ោងសភាពការណ៏ គឺត្រូវតែអនុវត្តន៍តាមច្បាប់ ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានធ្វើការសួរនាំបន្ថែម ដើម្បីចាត់ការ និងងអនុវត្តតាមនីតិវិធី ។