បុរសម្នាក់ ត្រូវរថយន្តសេរីទំនើប បើកមកបុកផ្ទប់តូបកាហ្វេ បណ្តាលឲ្យស្លាប់ភ្លាមៗ
Sokli
- 623

រាជធានីភ្នំពេញ៖ បុរសចំណាស់វ័យ៦៣ឆ្នាំម្នាក់ ត្រូវរថយន្តរថយន្តសេរីទំនើប បើកមកបុកផ្ទប់តូបកាហ្វេ បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូ សំដៅទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ម្តុំវត្តជុំ នៅចំនុចផ្លូវបំបែកជា៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះថា នួន វណ្ណារិទ្ធ ភេទប្រុស វ័យ៦៣ឆ្នាំ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលស្ថិតនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ កំពុងបើកបរម៉ូតូ១គ្រឿង រីឯប្រពន្ធរបស់គាត់ កំពុងបើកបរម៉ូតូ១គ្រឿងដូចគ្នាតាមពីក្រោយ ដោយបុរសរងគ្រោះធ្វើដំណើរមកមុន រាងឆ្ងាយជាងប្រពន្ធបន្តិច។

លុះធ្វើដំណើរមកដល់ចំណុចតូបហាងកាហ្វេ ដែលមានស្លាកយីហោ រ៉ានីកាហ្វេ ត្រង់ចំណុចផ្លូវបំបែកជាបី ក៏ស្រាប់តែឃើញរថយន្តបង្ក បើកបរក្នុងល្បឿនលឿន ដោយរថយន្តមានម៉ាក FORD RAPTOR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BL-6655 បើកបរដោយបុរសម្នាក់ វ័យចំណាស់ដូចគ្នា សង្ស័យស្ថិតក្នុងស្ថានភាពស្រវឹង បានបើកសំដៅមករកគាត់។

ឃើញដូចនេះ បុរសរងគ្រោះបានបន្ថយល្បឿន រួចបើកភ្លើងស៊ីញ៉ូសុំផ្លូវមុនបត់ស្តាំ រួចចាំរថយន្តបង្កទៅអោយផុតសិន នឹងអាលធ្វើដំណើរបន្ត តែជាអកុសល រថយន្តបង្កមិនបានបត់ទៅឆ្វេង ឬស្តាំនោះទេ គេបើកសំដៅទៅបុកបុរសរងគ្រោះ ទាំងកំរោលបណ្តាលឲ្យមនុស្ស និងម៉ូតូនៅក្រោមកង់រថយន្ត រហូតដាច់ខ្យល់ស្លាប់តែម្ដង

ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋនាំគ្នាឃាត់ម្ចាស់រថយន្ត ព្រមទាំងបានទាក់ទងទៅកាន់សមត្ថកិច្ច ដើម្បីឃាត់ខ្លួនម្ចាស់រថយន្ត យកទៅធ្វើការសាកសួរបន្តតាមនីតិវិធីច្បាប់ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា។

ក្រោយមក សមត្ថកិច្ចជំនាញ ធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងសងខាងធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ដោយឡែកសាកសពត្រូវបានក្រុមគ្រួសារមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕