ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហើយ នូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ របស់ព្រះនាងតូច នរោត្តម ជេនណា ដែលព្រះនាងតូចយើង មានទាំងទេពកោសល្យ សិល្បៈ ចំណេះដឹងព្រមទាំងមានចរិយាទន់ភ្លន់ ជាពិសេស ព្រះនាងតុបតែងខ្លួនគ្រងសម្លៀកបំពាក់បែបបុរាណកាន់តែសមសួនថ្លៃថ្នូរទ្វេដង ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ព្រះនាងតូច នរោត្តម ជេនណា បានសរសេររៀបរាប់ពីឈុតប្រពៃណីរបស់ខ្មែរថា៖ ឈុតដែលខ្ញុំកំពុងតែគ្រងនេះ គឺជាឈុតនៅក្នុងពិធី «សំពះផ្ទឹម» ដែលមានន័យជ្រាលជ្រៅនៅក្នុងពិធីមង្គលរបស់ខ្មែរ ឆ្លៀតក្នុងឱកាសនេះខ្ញុំក៏សូមជម្រាបនូវទម្រុងសម្លៀកបំពាក់រឺការស្លៀកពាក់បែបណា ដែលបង្ហាញថាជាសម្លៀកបំពាក់របស់ខ្មែរ ?
-ការស្លៀក : កូនក្រមុំស្លៀកសំពត់សំឡុយ(ចរបាប់) និងរុំខ្លួនដោយស្បៃធំ ឫគេហៅម្យ៉ាងទៀតថាភួយនាសម័យមុន ការរុំស្បៃធំនេះផងដែរ គឺរុំលើខ្លួនពាក់ឈៀងគងលើស្មាខាងស្តាំរួចក៏ទម្លាក់ចុះមកត្រឹមពាក់កណ្តាលភ្លៅ។ ចំពោះការស្លៀកសំពត់ខ្មែរយើងក៏មានខ្នាតប្រវែងច្បាស់លាស់ដែរ ជាធម្មតាការស្លៀកសំពត់នេះ គេគិតចាប់ពីត្រង់ផ្ចិតនៃដងខ្លួនចុះមកត្រឹមភ្នែកគោនៃជើង ប្រហែលប្រវែងពាក់កណ្តាល១ចង្អុលដៃ ភ្លីសំពត់ខាងមុខបកប្រវែង៣ថ្នាប់ដៃចំនួន៧ភ្លី ហើយផ្លិតសំពត់នៅជាប់ចង្កេះគេបត់ទៅតាមប្រវែងនិងទំហំជាក់ស្តែង។
-គ្រឿងអលង្ការគិតចាប់ពីសក់ដល់កជើង: មកុដមានក្បាំង ស្នៀតសក់ ចនត្រចៀក ខ្សែក(ជី) ក្រវិល(ទំហ៊ូ ឫ រយ៉ា) ស្នាប់ដៃ
-ឈុតកងដែលពាក់លើដៃ: ស្លឹកទេស ចិញ្ចៀនក្រង(វែនប្រដាប់) កងទ្រ ឫ កងញ័រ ឫ ក្រវិលដៃ កន្ត្រុំ កងរាក់ ។
-ឈុតកងដែលពាក់លើកជើង: កងទងឈូក ក្រវិលជើង ឬ កងទ្រឈូក ។
-រីឯខ្សែឆៀងគេអាចប្រើច្រើនម៉ូត: ម៉ូតកន្ទុយកណ្តុរ ឆ្អឹងពស់ ច្រវាក់ឆាប ផ្ការំដួល .ល.។ ខ្សែឆៀងសម័យមុនគេនិយមប្រើមាន៥ខ្សែ ៧ខ្សែ ៩ខ្សែទៅតាមឋានៈ ចំណែកឯបច្ចុប្បន្នយើងវិញគេមិនកំណត់ចំនួនខ្សែរដែលត្រូវប្រើនោះឡើយ សូម្បីតែគឿងរណ្តាប់ខ្លះក៏មានការប្រែប្រួលខ្លះៗទៅតាមសម័យកាល។
ការស្លៀកសម្លៀកបំពាក់ប្រពៃណី ឱ្យបានត្រឹមត្រូវក៏ជាការរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណី ដូនតាខ្មែរ និងជួយលើកកម្ពស់តម្លៃជាតិសាសន៍ខ្លួនឱ្យមានតម្លៃ ថ្លៃថ្នូរដល់មនុស្សជំនាន់ក្រោយបានសិក្សាស្វែងយល់ឱ្យជាក់នូវក្បួនខ្នាតបុរាណខ្មែរ។ ខ្ញុំសូមអរគុណដល់សម្អាងការDy Sonita Wedding Plannerដែលបានខិតខំសម្រិតសម្រាំង តុបតែងកាយដល់ខ្ញុំយ៉ាងខ្ជាប់ខ្ជួន៕