សម្រាប់អ្នកតាមដានវិស័យបវរកញ្ញា ក៏ដូចជាអ្នកលេងបណ្តាញសង្គមប្រាកដជាបានស្គាល់ ល្អហួស យ៉ាងច្បាស់បន្ទាប់ពីយុវតីរូបនេះបានក្លាយជាម្ចាស់គ្រងមកុដ ក្នុងកម្មវិធី Miss Preteen International Cambodia 2023 ដែលយុវតីរូបនេះពិតជាមានសម្រស់ស្រស់ស្អាតទាក់ទាញយ៉ាងខ្លាំង។ ក្រៅពីរូបសម្រស់ ល្អហួស ក៏មានទេពកោសល្យខាងដើរម៉ូត និងច្រៀងចម្រៀងបានយ៉ាងពីរោះ ជាពិសេសគឺមានចំណេះដឹងនិងវោហាស័ព្ទយ៉ាងឈ្លាសវៃ ដែលធ្វើឲ្យនាងកាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងពីសំណាក់មហាជនមិត្តអ្នកគាំទ្រនាពេលបច្ចុប្បន្ននេះ។



គួរបញ្ជាក់ផងដែរថា តារាស្រីវ័យក្មេង ល្អហួស ឈ្មោះពិតថា សុខ គីមហ័ង គឺជាកូនស្រី ដេននី ក្វាន់។ នាងមានរូបសម្រស់ស្រស់សោភា និងមានដុងសិល្បៈ ដោយជារឿយៗពន្លកតារាថ្មីរូបនេះ តែងបង្ហើរសំនៀងក្នុងចម្រៀង Cover ការថតសម្អាងការ ថែមទាំងបង្ហាញក្តីស្រមៃចង់ចូលរួមប្រកួតកម្មវិធីបវកញ្ញាទៀតផង។


មិនតែប៉ុណ្ណោះ នាងថែមទាំងមានសមត្ថភាពផ្នែកសិល្បៈខាងរបាំបុរាណខ្មែរដល់ទៅ៧ ទម្រង់ យ៉ាងស្ទាត់ជំនាញដូចជា របាំអប្សរា របាំថ្វាយព្រះពរ របាំជូនពរ របាំនារីជាជួរ របាំឈួយឆាយ របាំភួងនារី និងរបាំនាគបួងសួង។ តារាសម្បុរស្រអែមស្រស់រូបនេះ ក៏មានសមត្ថភាពអាចនិយាយបាន ៣ ភាសា គឺភាសាខ្មែរ (ភាសាកំណើត) អង់គ្លេស និងថៃ។


អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ល្អហួស ត្រូវបានអ្នកលេងក្នុងបណ្តាញសង្គមកោតសរសើរមិនដាច់ពីមាត់ ក្រោយគ្រងឈុតតំណាងជាតិ 🇰🇭 " អធិរាជិនីហង្សាវតីស្រីកម្ពុជា" អត្ថន័យនៃឈ្មោះនេះគឺ មានន័យថា: ( កំពូលក្សត្រិយ៍ នៃអម្បូររាជហង្សក្នុងដែនកម្ពុជា )៕

