បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាសម្តេចធ្លាប់បានផ្តល់ប្រាក់៣០ម៉ឺនដុល្លារដល់លោក សាពូន មីដាដា និង សឿ សុធារ៉ា តែមិនមែនជាង ៦លានដុល្លារដូចអតីតតារាចម្រៀងរូបនេះបានលើកឡើងព្រោះសម្តេចគ្មានលទ្ធភាពទេ ។ ឆ្លើយតបជាមួយសម្តេច ហ៊ុន សែន លោក សាពូន មីដាដា បានទទួលស្គាល់កំហុសនៅក្នុងការនិយាយនឹងបានឱ្យដឹងថាលោកទទួលបានប្រាក់ជាង ៤០ម៉ឺនដុល្លារមិនមែន៦លាន៧សែនដុល្លារនោះឡើយ ។
គេចាំបានថាកាលពីថ្ងៃទី ២៤ ម្សិលមិញលោក សាពូន មីដាដា បានរំឮករឿងអតីតកាលជាង ១០ឆ្នាំមុនដែលជីវិតរបស់លោកនិងអតីតភរិយាពិតជាភីងដោយបានប្រាប់ថាធ្លាប់ទទួលប្រាក់ជិត ៧លានដុល្លាររួមនឹងផ្ទះវីឡា រថយន្តនិងគ្រឿងមាសពេជ្រពីសម្តេច ហ៊ុន សែន។ប៉ុន្តែអ្វីៗត្រូវរលាយដោយសារស្នាដៃបុរសកញ្ជើធ្លុះដូចរូបលោក។ការលើកឡើងជាសាធារណៈរបស់អតីតតារាចម្រៀងរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនភ្ញាក់ផ្អើលជាខ្លាំង ។ ប៉ុន្តែសារទាំងនេះត្រូវបានសម្តេច ហ៊ុន សែន ឆ្លើយតបថាសម្តេចធ្លាប់បានផ្តល់ប្រាក់ ៣០ ម៉ឺនដុល្លារឱ្យ លោក សាពូន មីដាដា ទិញផ្ទះមិនមែនជិត៧លានដុល្លារឡើយ ។
ក្រោយពីបង្ហោះសារបែបនេះហើយ លោក សាពូន មីដាដា នៅតែមិនអស់ចិត្តរហូតដល់ផ្ញើសារសុំទោសសម្តេចម្តងទៀតថា "សម្តេចពុកអើយសម្តេចម៉ែអើយ ( ពុកអើយ ម៉ែអើយ ) ដួងចិត្តកូនមានតែ សែនគោរព សែនស្រលាញ់ បម្រើដោយឆន្ទះស្មោះត្រង់បំផុត ចំពោះសម្តេចពុកសម្តេចម៉ែ បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាតិមាតុភូមិ និងបក្សប្រជាជន លុះអស់ជីវិតមិនមានថ្ងៃងាករេឡើយ មិនដែលមានចេតនាចង់បំផ្លាញសម្តេចពុកសម្តេចម៉ែនោះទេ តែដោយកូនល្ងង់ខ្លៅមិនចេះរៀបប្រយោគឲ្យបានត្រឹមត្រូវទើបសរសេរទៅមិនសមទំនង ធ្វើឲ្យមានការភាន់ច្រលំ ប៉ះពាល់ដល់មហាកិត្តិយសសម្តេចទាំងទ្វេ សូមសម្តេចពុកសម្តេចម៉ែអ្នកមានគុណដ៏ខ្ពង់ខ្ពស់បំផុតរបស់កូននិងចៅៗ មេត្តាករុណាផងព្រះបាទទានប្រោស កូនសូមគោរពដឹងគុណបម្រើដោយឆន្ទះស្មោះត្រង់បំផុតលុះអស់កាលនៃផែនដីនេះទានប្រោស"៕