ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅប្រទេសកម្ពុជា បានឲ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ដូច្នោះសូមបងប្អូនប្រុងប្រយ័ត្ន។
ស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៤ មានលក្ខណៈដូចតទៅ ៖
១. តំបន់វាលទំនាប – សីតុណ្ហភាពអប្បបរមា ២៦°C និងសីតុណ្ហភាពអតិបរមា ៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម ២,៥ ម៉ែត្រ/វិនាទី។
២. តំបន់ខ្ពង់រាប – សីតុណ្ហភាពអប្បបរមា ២៦°C និងសីតុណ្ហភាពអតិបរមា ៣៩°C។ ខ្យល់បក់មកពី ទិសបស្ចិមនិងទិសនិរតី មានល្បឿនមធ្យម ៣,៥ ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ១០%។
៣. តំបន់មាត់សមុទ្រ – សីតុណ្ហភាពអប្បបរមា ២៥°C និងសីតុណ្ហភាពអតិបរមា ៣៦°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម ២,៥ ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ១៥%។ – រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ៕