ប្រិយមិត្តជាច្រើនបានជ្រាបហើយថា លោកជំទាវ ទ្រី ដាណា បានបង្ហោះសារនិយាយពីអារម្មណ៍ស្រលាញ់ស្វាមីកាន់តែខ្លាំងដោយសារតែទង្វើទាំងអស់នេះ៖ រយៈពេលជាងកន្លះឆ្នាំហើយ ដែលខ្ញុំបានចាប់ផ្ដើមជីវិតគ្រួសារជាថ្មី ជាងកន្លះឆ្នាំមកនេះ មានមនុស្សជាច្រើន មើលមកខ្ញុំ និងវាយតម្លៃផ្សេងៗ តាមការយល់ឃើញរបស់គេ តែសម្រាប់ខ្ញុំរក្សាការដើរផ្លូវត្រង់ជានិច្ច ព្រោះអ្វីដែលខ្ញុំជួបជាក់ស្ដែង គឺមានតែខ្ញុំ និងមនុស្សដែលនៅក្បែរខ្លួនខ្ញុំគ្រប់ពេលប៉ុណ្ណោះទើបដឹងច្បាស់។ មនុស្សម្នាក់ដែលនៅក្បែរខ្ញុំគ្រប់ពេលនោះ គឺបុរសម្នាក់ក្ន្ងុងរូបនេះ។ មិនថាពេលកើតទុក្ខ ពេលរីករាយ គាត់តែងនៅមើលថែ យកចិត្តទុកដាក់។ អំឡុងពេលគាត់ចូលមក ក៏ជាពេលដែលខ្ញុំជួបបបញ្ហាជាច្រើន ជាពិសេសគឺបញ្ហាសុខភាព។ ប៉ុន្តែគាត់បានបង្ហាញទង្វើរចេញពីបេះដូងរបស់គាត់ មិនមែនសម្ដែង មិនថានៅមុខកាមេរ៉ា មិនថាភាពពិតជាក់ស្ដែង គាត់បំពេញតួនាទីជាប្ដីបានយ៉ាងល្អ។
ខ្ញុំចាំបានថា កាលទៅប្រទេសថៃ ពិនិត្យសុខភាពជាមួយគាត់ ជើងខ្ញុំឈឺ ដើរមិនចង់រួច គាត់អៀវខ្ញុំដើរក្នុងព្រលានយ៉ាងឆ្ងាយ ដោយមិនរអ៊ូ ដោយមិនបង្ហាញការនឿយហត់ រឹតតែមិនធុញទ្រាន់ មានតែពាក្យថា អាណិត និងលើកទឹកចិត្ត អោយខ្ញុំរីករាយជានិច្ច។ ខ្ញុំដឹងថា អ្នកដទៃ ធ្លាប់ជួបអស់ហើយ អារម្មណ៍បែបនេះ តែមកពីខ្ញុំមិនធ្លាប់ជួបពីមុនមក ទើបខ្ញុំគិតថាអស្ចារ្យសម្រាប់ខ្ញុំ។
នៅលើបណ្ដាញសង្គម មានរឿងជាច្រើន វ៉ៃប្រហារទាំងខ្ញុំ និងគាត់ តែគាត់ប្រាប់ថាមិនខ្វល់ សកម្មភាពគាត់នៅដដែល ព្រោះទង្វើរពិតប្រាកដរបស់គាត់ គឺគាត់ថាស្រលាញ់ខ្ញុំ ការពារខ្ញុំ ធ្វើគ្រប់យ៉ាងដើម្បីខ្ញុំ។ មិនត្រឹមពាក្យសម្ដី តែរយៈពេលជាងកន្លះឆ្នាំមកនេះ អារម្មណ៍ដំបូងដែលខ្ញុំទទួលបែបណា រាល់ថ្ងៃគឺនៅតែបែបនោះ។ មានតែខ្ញុំប៉ុណ្ណោះ ដែលហត់នឿយនឹងការងារ មិនសូវមានពេលវេលាសប្បាយរីករាយជាមួយគាត់ ហើយពេលខ្លះក៏មិនបាននិយាយរកគាត់។ តែខ្ញុំចង់ប្រាប់គាត់ថា ខ្ញុំស្រលាញ់ អាណិត និងរំភើបចិត្ត គ្រប់ទង្វើររបស់គាត់ ចំពោះនាងខ្ញុំ។
ដើរដល់ត្រឹមនេះ នៅតែមានអ្នកមួយចំនួន គិតថា ចាំមើល ២ឆ្នាំសិន ចាំមើល៣ឆ្នាំសិនបានដឹង... ដំបូងចឹងហើយ! តែខ្ញុំចង់ប្រាប់ថា ជីវិតមនុស្សយើងម្នាក់ៗ គ្មានអ្នកណា អាចមើលឃើញពីអនាគតទេ បើយើងខ្លាច បើយើងចាំមើល បើយើងមិនរីករាយជាមួយអ្វីដែលកំពុងជួបពិតប្រាកដនាពេលនេះ តើត្រូវចាំដល់ពេលណា។ សាកល្បង បើមិនជោគជ័យ ក៏យើងមិនស្ដាយក្រោយ ថាមិនបានធ្វើដែរ។ ជីវិតយើង មានមួយឆ្នាំប៉ុន្មានដង មាន១០ឆ្នាំប៉ុន្មានដង ហេតុអ្វីត្រូវដាក់សំពាធខ្លួនឯង ហេតុអ្វីត្រូវច្រណែន ហេតុអ្វីរង់ចាំមើលភាពបរាជ័យក្នុងជីវិតអ្នកដទៃ?
ចុងក្រោយ ចង់ប្រាប់បងសាលថា អរគុណបងដែលចូលមកក្នុងជីវិតអូន អរគុណបងដែលមើលថែ ផ្ដល់តម្លៃ ផ្ដល់ភាពកក់ក្ដៅ ដល់អូន។ សូមអោយក្ដីសុខដែលកំពុងមាននេះ បន្តរហូតទៅ ហើយក៏ជូនពរបងប្អូនទាំងអស់ មានក្ដីសុខក្នុងជីវិតស្នេហា និងគ្រួសារ៕