ព្រៃវែង ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកកំចាយមា បានឱ្យដឹងថា រយៈពេលជាងមួយខែមកនេះ មានសត្វឆ្កែចំនួន ១១ក្បាលហើយ ត្រូវបានសត្វមិនស្គាល់ខាំ និងស៊ីយកតែគ្រឿងក្នុង។ ករណីនេះបានកើតឡើងនៅក្នុងភូមិព្រៃគូរ ឃុំសំបូរ ស្រុរមាសហែក ខេត្តស្វាយរៀង និងភូមិរំដួល ភូមិវាល ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
យោងតាមរបាយការណ៍របស់ប៉ុស្តិ៍រដ្ឋបាលឃុំស្មោងខាងត្បូង ស្រុកកំចាយមារ បានឲ្យដឹងថា កាលពីថ្ងៃទី២០-២៥ ខែឧសភា ឆ្នាំ២០២៤ មានព័ត៌មានពីប្រជាពលរដ្ឋភូមិ ព្រៃគូរ ឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀង ថា មានករណីសត្វម្យ៉ាងខាំឆ្កែងាប់ចំនួន ២ក្បាល មិនដឹងពីមូលហេតុ។ បន្ទាប់មកចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិរំដួល និងភូមិវាល ក្នុងឃុំស្ទោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ប្រជាពលរដ្ឋបានប្រទះឃើញសត្វឆ្កែរបស់អ្នភូមិងាប់ជាបន្តបន្ទាប់ផងដែរ អស់ចំនួន ៩ក្បាល មិនដឹងពីមូលហេតុ ដូចគ្នា។ ស្ថានភាពសាកសពសត្វឆ្កែទាំងអស់នោះគឺ មានស្នាមរបួសនៅលើបំពង់ករ និងពោះ ហើយសត្វឆ្កែខ្លះបាត់អស់គ្រឿងក្នុង (ពោះវៀន ថ្លើម និងសួត)។
របាយការណ៍បានបន្តទៀតថា បន្ទាប់ពីបានទទួលព័ត៌មាននេះ លោកមេភូមិរំដួល ក៏បានរាយការណ៍ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទោងខាងត្បូង ពេលនោះកម្លាំងប៉ុស្តិ៍ក៍បានចុះទៅពិនិត្យ និងស្រាវជ្រាវ បានជួបប្រជាពលរដ្ឋម្នាក់មានឈ្មោះ មាស មុំ ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិរំដួល ឃុំស្ទោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ គាត់បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១រំលងអាធ្រាត្រ គាត់បានបញ្ចាំងភ្លើងគោមទៅខាងកើតផ្ទះក៏ឃើញសត្វចំនួន ២ក្បាល ប្រៀបដូចជាសត្វខ្លាឃ្មុំ ដែលមានសម្បុរខ្មៅ បោលឈប់ៗ សំដៅទៅទិសខាងកើតបាត់ទៅ។
រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក៏មានប្រជាពលរដ្ឋរាយការណ៍ដូចគ្នាដែរថា នៅវេលាម៉ោងប្រហែល ១២យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មានស្នាមជើងសត្វខ្លា ដើរចូលក្នុងភូមិទួលក្រឡាញ់ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ពេលនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទោងខាងត្បូង បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ស្ទោងខាងជើង ចុះទៅត្រួតពិនិត្យដល់កន្លែងកើតហេតុក៏ឃើញមានដានជើងស្រដៀងនឹងជើងសត្វខ្លា ដើរចូលក្នុងភូមិទួលក្រឡាញ់ពិតប្រាកដមែន។
សមត្ថកិច្ចបានសន្និដ្ឋានថា យោងតាមការៀបរាប់របស់ប្រជាពលរដ្ឋ ជាប្រភេទសត្វខ្លាម្យ៉ាង ដែលរស់នៅក្នុងព្រៃក្រញូង និងព្រៃកាស្យា ស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ក្បែរព្រំប្រទល់ស្រុកកំចាយមារ។
យោងតាមការឱ្យដឹងពី លោកនាយប៉ុស្តិ៍រដ្ឋបាលក្រសាំងថា គាត់ធ្លាប់បានជួបផ្ទាល់សត្វខ្លា១ក្បាល ក្នុងពេលដើរល្បាតពេលយប់ នៅចំណុចព្រៃដើមក្រញូង និងព្រៃកាស្យា នៅក្នុងអំឡុងដើមឆ្នាំ២០២៣។ លោកបានបញ្ជាក់ប្រាប់ទៀតថា ក៏មានប្រជាពលរដ្ឋមួយចំនួនបានប្រទះឃើញសត្វខ្លានេះដែរនៅពេលថ្ងៃ នៅក្នុងចំណុចខាងលើ គឺឃើញមានចំនួន ២ក្បាល៕EB