អំពូល​ ឆ្នាំង​ដាំ​បាយ និងម៉ាស៊ីនបូមទឹក ដែលប្រើថាមពលពន្លឺព្រះអាទិត្យ មិនតម្រូវឱ្យ​​ធ្វើ​ស្វ័យ​ប្រកាសទេ តម្រូវតែភ្ជាប់នឹងប្រព័ន្ធបណ្ដាញក្នុងផ្ទះ(មានវីដេអូ)
សីហា
-

(ភ្នំពេញ)៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានថ្លែងឲ្យដឹងថា ចំពោះការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដាច់ដោយឡែកដូចជា ការដាក់អំពូលសូឡាតាមរបងផ្ទះ តាមទីសារធារណៈ, ម៉ូទ័របូមទឹក, ឆ្នាំដាំបាយ មិនត្រូវធ្វើស្វ័យប្រកាសនោះទេ។

ប៉ុន្ដែសម្រាប់អ្នកដែលដំឡើងថាមពលពន្លឺព្រះអាទិត្យ ភ្ជាប់នឹងប្រព័ន្ធបណ្ដាញក្នុងផ្ទះ និងបណ្ដាញប្រើប្រាស់ដែលមានភ្ជាប់នឹង ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ជាតិ ទើបតម្រូវឲ្យធ្វើស្វ័យប្រកាស។

ការលើកឡើងរបស់លោក យឹម វិសិដ្ឋ ធ្វើឡើងក្នុងក្នុងសន្និសីទសារព័ត៌មាន របស់អាជ្ញាធរអគ្គិសនីកម្ពុជា បំភ្លឺជុំវិញ «ការតម្រូវឱ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាតមកដាក់ពាក្យស្វ័យប្រកាស» នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

លោកបានថ្លែងឲ្យដឹងថា «ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដែលបានដំឡើងនឹងត្រូវចូលធ្វើស្វ័យប្រកាស គឺប្រព័ន្ធទាំងឡាយណាដែលបានប្រើប្រាស់ ដំឡើងភ្ជាប់ជាមួយបណ្ដាញប្រើប្រាស់ក្នុងផ្ទះ ឬទីតាំងរបស់ខ្លួន ដោយឡែកចំពោះប្រព័ន្ធផ្សេងទៀត ដែលហៅថាប្រព័ន្ធប្រើប្រាស់ដាច់ដោយឡែកដូចជា អំពូលសូឡាតាមរបងផ្ទះ តាមទីសារធារណៈ, ម៉ូទ័របូមទឹក, ឆ្នាំដាំបាយ មិនត្រូវធ្វើស្វ័យប្រកាសនោះទេ»។

លោកបានបញ្ជាក់ថា «គោលការណ៍ដែលកំពុងធ្វើនេះ គឺសម្រាប់អ្នកដែលដំឡើងថាមពលពន្លឺព្រះអាទិត្យ ភ្ជាប់នឹងប្រព័ន្ធបណ្ដាញក្នុងផ្ទះ និងបណ្ដាញប្រើប្រាស់ ដែលមានភ្ជាប់នឹងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ជាតិប៉ុណ្ណោះ»។

លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល បានពន្យល់អំពីហេតុផល ដែលចាំបាច់តម្រូវឲ្យអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល មកដាក់ពាក្យស្វ័យប្រកាស ដើម្បីគ្រប់គ្រងទិន្នន័យ នៃប្រភពអគ្គិសនី និងសុវត្ថិភាព៕

សូមទស្សនាវីដេអូខាងក្រោម៖