មូលហេតុអ្វី រ៉េត ស៊ូហ្សាណា ចេញពីផលិតកម្មចាស់ហក់ចូលផលិតកម្មបារមី?
សីហា
-

តារាចម្រៀងវ័យក្មេងដ៏ស្រស់សោភា រ៉េត ស៊ូហ្សាណា ដែលធ្លាប់ជាគ្រាប់ពេជ្រដ៏មានតម្លៃប្រចាំផលិតកម្មដ៏ធំមួយ បច្ចុប្បន្ននេះបានក្លាយជាតារាចម្រៀងថ្មីរបស់ផលិតកម្មបារមីហើយ ក្រោយជ្រកក្រោមទ្រនំចាស់អស់រយៈពេល 8 ឆ្នាំមកនេះ។

ក្រោយបាត់មុខពីសិល្បៈជិត 1 ឆ្នាំ ស្រាប់តែប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងស្រីដុះពន្លកពីកម្មវិធី The Voice Cambodia រដូវកាលទី2 រ៉េត ស៊ូហ្សាណា បានអះអាងថា សម្ងំនៅតែក្នុងបន្ទប់រៀនធ្វើបទភ្លេង និពន្ធបទចម្រៀង និងសរសេរបទដែលខ្លួនពេញចិត្ត ហើយនាងក៏បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងប្រកាសនឹងលាពីផលិតកម្មចាស់ ហើយបោះជំហានចូលផលិតកម្ម បារមី តាមរយៈរូបភាពជាច្រើនសន្លឹក។

ក្នុងនោះមានមហាជន និងអ្នកគាំទ្រជាច្រើនងឿងឆ្ងល់ថាមូលហេតុអ្វី រ៉េត ស៊ូហ្សាណា បានផ្លាស់ប្តូរខ្លួនឯងពីផលិតកម្មចាស់ដែលធ្លាប់ជ្រកអស់ពេលជាច្រើនឆ្នាំចូលក្នុងផលិតកម្មបារមី?

បើតាមរយៈការបង្ហើបពីអ្នកជិតដិតរបស់ ហ្សាណា បានឲ្យដឹងថា នាងចង់ស្វែងរកនិងចង់ផ្លាស់ប្តូរខ្លួនឯង ព្រោះដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថាអំឡុងពេលប្រឡង The Voice Cambodia ហ្សាណា ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងរហូតធ្វើឲ្យនាងបាក់ទឹកចិត្ត បាត់បង់ភាពជាខ្លួនឯង ដែលទាំងអស់នេះហើយធ្វើឲ្យនាងប្រាជ្ញាចិត្តមុះមុតក្នុងការរៀនធ្វើបទភ្លេង និពន្ធបទចម្រៀងដោយខ្លួនឯង ព្រមទាំងបានផ្លាស់ប្តូរខ្លួនឯងចូលទៅក្នុងផលិតកម្មបារមី។ អ្វីដែលកាន់តែពិសេសក្នុងថ្ងៃនេះ ហ្សាណា បានចេញបទចម្រៀងថ្មីដំបូងរបស់ខ្លួនជាផ្លូវការមានចំណងជើងថា “LOST” ដែលអត្ថន័យចម្រៀងបានឆ្លុះបញ្ចាំង និងរៀបរាប់ពីប្រវត្តិ និងជីវិតពិតរបស់នាងតាំងពីដំបូងនៃការបោះជំហានប្រឡូកលើវិថីសិល្បៈ។

ជាមួយស្នាដៃបទចម្រៀង “LOST” ផលិតយ៉ាងសម្រិតសម្រាំងទាំងភ្លេង ទំនុកច្រៀង និងគុណភាពបច្ចេកទេសនៃការផលិតពិតជាទាក់ទាញមិនធម្មតា ព្រមទាំងទទួលបានការលើកសរសើរមិនដាច់ពីមាត់ពីសំណាក់បណ្តាមហាជនជាច្រើន ជាមួយការបញ្ចេញមតិស្រដៀងៗគ្នាថា បទចម្រៀងមួយនេះគឺពីរោះកន្ត្រាក់អារម្មណ៍ ជាពិសេសពិតជាត្រូវចិត្តមិត្តយុវវ័យខ្លាំងណាស់។ គួរបញ្ជាក់ផងដែរថា សម្រាប់ MV ទាំងមូលជាការសហការរវាងផលិតកម្មបារមី និងក្រុមហ៊ុន OPPO ៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូបទចម្រៀង “LOST” របស់ រ៉េត ស៊ូហ្សាណា ទាំងអស់គ្នា ៖