កាលពីម្សិលមិញនេះ មានការហួសចិត្តជាខ្លាំង ដោយសារបញ្ហាចម្រូងចម្រាសនៃស្ថាប័ន Miss Grand និង Miss Grand Cambodia កាលពីពេលថ្មីៗនេះ ពិតជាជះឥទ្ធិពលដល់បវរកញ្ញាកម្ពុជាពិតមែន ដោយ ប៊ី សុធារី បានបញ្ជាក់ច្បាស់ៗអំពីការសម្រេចចិត្តមិនបន្តការប្រកួត MGI នៅប្រទេសថៃ ដោយផ្ញើសារលាទៅមិត្តក្នុងកម្មវិធី ប្រើពាក្យត្រឹមបវរកញ្ញាកម្ពុជាតែប៉ុណ្ណោះ។
ក្រោយពីរឿងនេះបានកើតឡើង ស្រាប់តែគេឃើញវត្តមានរបស់ កុមារី ជូរី ល្អហួស បានរៀបរាប់ថា ៖ «នាងខ្ញុំមិនព្រមឱ្យជាតិសាសន៍ណាមួយមកមើលងាយប្រទេសរបស់នាងខ្ញុំ និងប្រជាជនរបស់នាងខ្ញុំបានទេ ទោះបីជាក្តីស្រមៃរបស់នាងខ្ញុំកាលនៅពីក្មេងត្រូវបញ្ចប់នៅពេលនេះ ក៏នាងខ្ញុំមិនព្រមបោះបង់ក្តីស្រមៃរបស់នាងខ្ញុំចោលដែរ នាងខ្ញុំត្រូវតែបន្តក្តីស្រមៃទៅមុខជាមួយនឹងស្នាមញញឹមថ្មី ក្តីស្រមៃថ្មី ដើម្បីលើកមុខមាត់ប្រទេសកម្ពុជារបស់នាងខ្ញុំម្តងទៀតនៅលើឆាកអន្តរជាតិ «មាសសុទ្ធមិនដែលខ្លាចភ្លើង» ជួបអ្នកឆ្នាំខាងមុខនេះ Miss universe Cambodia ជូរី ល្អហួស។
នាងបានបន្តថា ធ្វើល្អ អស់មួយគំនរ នៅតែគេមើលមិនឃើញ គេរង់ចាំតែចាប់កំហុស ហើយគេមកជិះជាន់យើង តែអំពើល្អរបស់កម្ពុជា ព្រះប្រាកដជាមើលឃើញ នាងខ្ញុំហ៊ាននិយាយថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលប្រជាជនមានបេះដូងល្អ ប្រជាជនមានភាពរួសរាយរាក់ទាក់ មានភាពស្មោះត្រង់ មានភាពទំនួលខុសត្រូវ ទីកន្លែងណាគេមិនអោយតម្លៃយើង ដើរចេញពីទីនោះ នៅមានកន្លែងជាច្រើនទៀត គេរង់ចាំនិងផ្តល់តម្លៃអោយយើង ។