ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង» នៅរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលតាមរយៈធនាគារ ARDB បានទម្លាក់ថវិកា ៥លើករួចមកហើយ ដើម្បីអភិវឌ្ឍន៍វិស័យស្រូវអង្ករ និងរក្សាស្ថេរភាពថ្លៃ ដែលមានទំហំទឹកប្រាក់ប្រមាណជាង២០០លានដុល្លារ ខណៈនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលបានទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករនាពេលនេះ។



ឯកឧត្តមបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១៦ មករាជរដ្ឋាភិ បាលបានទម្លាក់ថវិកាជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់បាន៥លើករួចមកហើយ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករទាំងមូល និងដើម្បីជំរុញការអភិវឌ្ឍក្នុងវិស័យ និងធ្វើឱ្យមានស្ថេរភាពថ្លៃ ដែលក្នុងនោះធនាគារ ARDB ដើរតួនាទីជាអ្នកបញ្ចេញថវិកា៕




