(សហរដ្ឋអាមេរិក)៖ កម្មវិធីដ៏ល្បីល្បាញរបស់ចិន TikTok បានកំពុងដំណើរការឡើងវិញនៅលើអ៉ិនធើណិតសម្រាប់អ្នកប្រើប្រាស់ នៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត Donald Trump បានសន្យាចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅពេលដែលលោកចូលកាន់អំណាចនៅថ្ងៃច័ន្ទ។
នៅពីក្រោយការបើកដំណើរការ TikTok នៅអាមេរិកឡើងវិញ គឺ “លុយ” និង “ទិន្នន័យ”
ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិកដែលទើបស្បថកាន់តំណែងកាលពីថ្ងៃច័ន្ទ លោក Donald Trump និយាយថា TikTok នឹងក្លាយជា app ដែលគ្មានតម្លៃ បើគ្មានសហរដ្ឋអាមេរិក។
លោកត្រាំបាននិយាយថា ដើម្បីបន្តប្រតិបត្តិការនៅសហរដ្ឋអាមេរិក TikTok នឹងត្រូវលះបង់ 50% នៃប្រាក់ចំណូលរបស់ខ្លួនឲ្យទៅអាមេរិក។ លោក Trump មិនបានបញ្ជាក់លម្អិតអំពីកិច្ចព្រមព្រៀងនេះ ទេ ដោយគ្រាន់តែបញ្ជាក់ថានេះជាការបណ្តាក់ទុនរួមគ្នា។ លោកថាអាមេរិកគួរតែកាន់កាប់ 50%។
លោកប្រធានាធិបតីដែលសកម្មក្នុងបណ្តាញ TikTok ដែររូបនេះនិយាយថា ប្រសិនបើប្រទេសចិនមិនយល់ព្រមលើការចែកភាគលាភ 50% នោះវានឹងត្រូវបានចាត់ទុកថាជា ទង្វើអរិភាព។
អ្នកតាមដានព្រឹត្តិការណ៍នេះ លើកឡើងថា ប្រាក់ចំណូលពី TikTok ជារឿងតូចប៉ុណ្ណោះសម្រាប់អាមេរិក ប៉ុន្តែ អ្វីដែលអាមេរិកចង់បានគឺ ទិន្នន័យនៅក្នុងបណ្តាញសង្គមដែលមានអ្នកប្រើប្រាស់១៧០លាននាក់នៅអាមេរិក។ លោកត្រាំ និយាយថា លោកបារម្ភពីទិន្នន័យនៅក្នុង TikTok ដែលភាគច្រើនជាកុមារ។
សូមរំលឹកថា កាលពីយប់ថ្ងៃសៅរ៍ TikTok បានបញ្ឈប់ប្រតិបត្តិការនៅសហរដ្ឋអាមេរិកនៅពេលច្បាប់ហាមឃាត់ប្រើ App បានចូលជាធរមាន។ បិទបានតែមួយថ្ងៃ នៅថ្ងៃអាទិត្យ TikTok បានដំណើរការវិញ បន្ទាប់ពីលោកត្រាំសន្យាពន្យាពេលការអនុវត្តច្បាប់នេះដើម្បីបង្កើតកិច្ចព្រមព្រៀងមួយរវាងអាមេរិក និង TikTok៕