(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានកម្លាំងនគរបាលហៅផ្លុំអាល់កុល រហូតកើតជាជម្លោះពាក្យសម្តី។លោក សុខ ទូច បានរៀបរាប់លើបណ្តាញសង្គមរបស់លោកថា ក្រោយពីចុះស្រាវជ្រាវអស់រយ:ពេល៣ថ្ងៃ ដើរឡើងភ្នំផង បើកឡានផង មកដល់ភ្នំពេញយប់ទៅហើយ ប៉ុន្តែរីករាយណាស់បានទៅដល់ទិសដៅដែលគ្រោងទុក និងបានណាត់អ្នកប្រវត្តិសាស្រ្តប្រជុំថ្ងៃស្អែក បន្ទាប់មកក៏បានចូលហូបបាយ និងបានហូបបីយ៉ែមួយកំប៉ុងប៉ុណ្ណោះដើម្បីរំសាយការហត់នឿយ ហូបរួចបានបើកឡានជូនមន្រ្តីដែលទៅជាមួយទៅយកម៉ូតូនៅកន្លែងធ្វើការ ទើបចេញដំណើរមកផ្ទះនៅបាសិត។

លោកបន្តថា នៅតាមផ្លូវមកផ្ទះបានជួបសមត្តកិច្ចអនុវត្តន៍ច្បាប់ត្រួតពិនិត្យជាតិអាល់កុល ពួកគាត់ឃាត់ឡាន និងឱ្យរូបលោកផ្លុំវាស់កម្រិតជាតិអាល់កុល។ ពេលនោះ បានចុះទៅសហការ តែលោកស្នើសុំហែកទុយោថ្មី ព្រោះខ្លាចរបស់អ្នកចាស់ឆ្លងរោគ។

លោក សុខ ទូច បានបញ្ជាក់ថា សំណើរបស់លោក ត្រូវបានសមត្ថកិច្ចស្រែកកំហកថា «ហែងស្អីបានមកបញ្ជាកងកម្លាំង»។លោក សុខ ទូច បានរៀបរាប់ថា កំពុងតែហត់នឿយផង ឮបែបនេះ លោកទប់មិនជាប់ក៏ឆេវឆាវកើតជារឿង តែក្រោយមក សហការផ្លុំចំនួន៣ដង តែមិនឃើញកម្រិតជាតិអាល់កុលដែលសមត្ថកិច្ចចង់បាន សមត្ថកិច្ចចោទថា ផ្លុំមិនត្រឹមត្រូវ ហើយឱ្យរូបលោកផ្លុំម្តងទៀត។

ដោយផ្លុំច្រើនដងមិនចេញ លោក សុខ ទូច ក៏លែងសហការ។ ពេលនោះ លោកក៏បាននិយាយថាបើលោកខុសចង់ដាក់ខ្នោះដាក់ទៅ។លោក សុខ ទូច បានបញ្ជាក់ថា កាយវិការច្រលោតរបស់លោក ព្រោះខឹងណាស់ ហត់ណាស់ លោកបានប្រាប់ថា រូបលោក សុខ ទូច ទើបមកពីព្រំដែនទេ តែគេចោទថាស្រវឹងជោកជាំ ប្រហែលឃើញភ្នែកក្រហម។
លោក សុខ ទូច បានឱ្យដឹងថា ភ្នែកក្រហម ព្រោះលោកដើរផង បើកឡានដោយខ្លួនឯងជាង៦០០គីឡូម៉ែត្រ និងមានបញ្ហាភ្នែកស្ងួត លុបមុខញីភ្នែកជាច្រើនដង ហត់នឿយជាប់មិនមានបានសម្រាក។

«មានប៉ូលីស ដៀលខ្ញុំធ្វើដល់បណ្ឌិតចារិកអីចឹង ខ្ញុំជាពលរដ្ឋម្នាក់បើខ្ញុំខុសខ្ញុំទទួលទោស បើខ្ញុំមិនបានទទួលទានដល់កម្រិតដែលបង្កបញ្ហាផងតើឱ្យខ្ញុំផ្លុំរបៀបម៉េចទៀត? គេថតខ្ញុំបាន តែពេលខ្ញុំឱ្យគ្រួសារខ្ញុំថតវិញ គេមិនឱ្យថតទេ»។ នេះជាការបញ្ជាក់របស់លោក សុខ ទូច។
បើតាមការរៀបរាប់របស់លោក សុខ ទូច បានឱ្យដឹងថា ក្រោយមានបញ្ហានោះ លោកបានទុកឡាននៅទីនោះ រួចដើរមកផ្ទះ គ្រួសារលោក ហៅកង់បីជិះបានបន្តិច ទើបដឹងថាផ្ទះឆ្ងាយគេមិនដឹកទេ ក្រោយមកទើបមានកង់បីមួយទៀតព្រមដឹកមកផ្ទះ ព្រោះគេបានស្គាល់រូបលោក។

លោក សុខ ទូច បានបញ្ជាក់ថា លោកមិនចង់បង្ហោះរឿងរ៉ាវនេះទេ ប៉ុន្តែមកដល់ផ្ទះហើយដេកមិនលក់ ទើបរៀបរាប់ជាសាធារណ:បែបនេះ។
ក្នុងសាររបស់លោក សុខ ទូច មានប្រជាពលរដ្ឋជាច្រើន ចេញមកលាតត្រដាងរឿងរ៉ាវរបស់ពួកគេ និងលើកឡើងពីភាពខ្វះសីលធម៌ពេលបំពេញការងារ និងប្រៀបខ្លួនដូចរាជសីក្នុងពេលអនុវត្តន៍ច្បាប់របស់មន្ត្រីនគរបាល៕
ខ្ញុំបាទសែនសុខ សូមគេារពរាយការណ៍ជូនមេ
វេលាម៉ោង១១-៥៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រង់ចំណុចមុខសាលាបឋមសិក្សាភ្នំពេញថ្មី លើផ្លូវភ្នំពេញ ហាណូយ កំលំាងចំរុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការណ៏ជាមួយកំលាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ត្រួតពិនិត្យជាតិស្រវឹង នៅវេលាម៉ោង ដូចខាងលើកំលាំងយើង បានធ្វើការឃាត់រថយន្តមួយគ្រឿង ម៉ាកFORT ពណ៌ទឹកប្រាក់ ផ្លាកលេខរដ្ឋ 052-0431 ជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ដោយអ្នកបើកបរ លោកបណ្ឌឹត សុខ ទូច ដើម្បីសហការត្រួតពិនិត្យជាតិស្រវឹង កំលាំងយើងបានអោយគាត់ផ្លុំ តែគាត់ផ្លុំខ្យល់មិនដល់កំរឹតនៃម៉ាស៊ិន ទើបម៉ាស៊ិនមិនចេញទិន្ននយ័ជាតិស្រវឹង ហើយគាត់មិនព្រមសហការផ្លុំបន្តទៀត រួចគាត់ក៏ចោទកំលាំងយើងហៅគាត់(អា) និងប្រើប្រាស់កាយវិការមិនសមរម្យទៀតផង គាត់ក៏បានរើ យកអីវ៉ាន់ វ៉ាលី និងសំភារៈ ចេញពីក្នុងរថយន្ត រួចហៅ ផាស់អេប ជិះចេញទៅបាត់ដោយបន្សល់ទុករថយន្តនៅគោលដៅត្រួតពិនិត្យជាតិស្រវឹង ។ សមត្ថកិច្ចនគរបាលយើងក៏បានយករថយន្តខាងលើមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តន៍និតិវិធីបន្ត ។

សេចក្តីដូចបានគោរពជំរាបខាងលើ សូមឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជ្រាបជារបាយការណ៍ ដោយក្តីអនុគ្រោះ ។