ភ្នំពេញ ៖ លោក Christ និងគូដណ្តឹងរបស់គាត់ សូមថ្លែងអំណរគុណនគរបាលរាជធានីភ្នំពេញ ដែលបានស្វះស្វែង និងខិតខំយកចិត្តទុដាក់សម្រាប់ពួកគាត់ទាំង២នាក់ ដោយនាំទៅដាក់ពាក្យបណ្តឹងភ្លាមៗ ហើយកំពុងរួមគ្នាស្រាវជ្រាវតាមចាប់ ចោរឆក់ ក្រោយធ្វើសកម្មភាពឆក់កាបូបគាត់នៅម្តុំផ្សាររាត្រី ខណ្ឌដូនពេញ នាវេលាថ្ងៃត្រង់ទី១៥ ខែមីនា ឆ្នាំ២០២៥។

លោក Christ ជាជនជាតិអាមេរិក ហើយគូដណ្តឹងរបស់គាត់មានសញ្ជាតិវេណេហ្សូអេឡា និងអេស្ប៉ាញ។ ក្រោយការសួរនាំរបស់នគរបាល ពេលទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលវត្តភ្នំ, Vlogger ដ៏ល្បីឈ្មោះបានបញ្ជាក់ថា សម្រាប់ហេតុការណ៍នេះ លោកមិនមានការបាត់បង់ទ្រព្យសម្បត្តិនោះឡើយ តែគូដណ្តឹងរបស់លោកបានបាត់លិខិតឆ្លងដែនវេណេហ្សូអេឡា ID Card និងលុយមួយចំនួន តែលិខិតឆ្លងដែនអេស្ប៉ាញមិនបាត់នោះទេ។

នៅវេលាម៉ោង ១០៖៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ លោក និងគូដណ្តឹង នឹងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅសហរដ្ឋអាមេរិក ហើយមួយខែក្រោយនឹងត្រឡប់មកវិញ។ នៅចំពោះមុខនគរបាល, លោក Christ ពិតជាពេញចិត្តចំពោះចំណត់ការភ្លាមៗរបស់កម្លាំងនគរបាល ដែលបានជួយអន្តរាគមន៍ករណីចោរកម្មមួយនេះ។ លោកបានរម្លឹកថា ពេលលោកទៅវៀតណាម ក៏ធ្លាប់ចោរឆក់កាបូបរបស់លោកផងដែរ និងញឹកទៀតផង តែសម្រាប់កិច្ចអន្តរាគមន៍វិញ មិនដូចសមត្ថកិច្ចកម្ពុជានោះទេ។

នៅពេលត្រឡប់មកប្រទេសកម្ពុជានៅខែក្រោយ, លោក Christ បានសន្យាថា នឹងនាំ Vlogger ល្បីៗមកជាមួយដើម្បីជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់ពិភពលោកកាន់តែខ្លាំងឡើង ព្រោះលោកស្រឡាញ់កម្ពុជា។
សម្រាប់ករណីនេះ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បានចុះទៅជួបសួរនាំផ្ទាល់ ជាមួយជនរងគ្រោះទាំង២នាក់ ដើម្បីឲ្យដាក់ពាក្យបណ្តឹង ហើយលោកបានបញ្ជាឲ្យកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បើកការស្រាវជ្រាវតាមចាប់ចោរឆក់ទាំងនោះជាបន្ទាន់។
សូមជម្រាបថា លោក Christ ជាជនបរទេសម្នាក់ ដែលតែងតែថតផ្សព្វផ្សាយល្អៗពីកម្ពុជា ទៅកាន់ពិភពលោកមានទាំងតំបន់ទេសចរណ៍ ម្ហូបអាហារ និងវប្បធម៌ប្រពៃណីខ្មែរជាដើម៕





