មកដល់ថ្ងៃនេះហើយ ! បងប្អូន សាច់ញាតិ ពលករ ពលការិនីខ្មែរចំនួន២គ្រួសារ ដែលរងគ្រោះដោយអគារបាក់រលំនៅប្រទេសថៃ នៅតែបន្តរងចាំ នៅខាងមុខអគារ...
Heang
-

ក្រោយករណីបាក់រលំអគារ នៅក្រុងបាងកក អស់រយៈពេល១១ថ្ងៃ ចាប់តាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងមកនេះ បងប្អូន សាច់ញាតិ ពលករ ពលការិនី ចំនួន២គ្រួសារ ដែលរងគ្រោះដោយអគារបាក់រលំ ដែលបានធ្វើការនៅក្នុងអគារនេះ នៅតែបន្តរងចាំ នៅខាងមុខអគារ និងមានសង្ឃឹមថាពួកគាត់មានជីវិតរស់។

សាច់ញាតិ២គ្រួសារ ដែលរងចាំកូន និងបងប្អូន មានឈ្មោះដូចខាងក្រោមនេះ៖

១. អ្នកស្រី ឆាយ សុភ័ណ ត្រូវជាម្តាយជនរងគ្រោះ ឈ្មោះ ផល្លា រតនា (Phalla Ratana) នៅ ភូមិឃុំ ជ្រោយស្តៅ ស្រុកថ្មគោលខេត្តបាត់ដំបង ដែលបានបាត់ខ្លួនបាត់ដំណឹងតាំងតែថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ។ ពលករដែលមានឈ្មោះថា “ផល្លា រតនា” ធ្វើការងារនៅជាន់ 26 ជាជាងភ្លើង (អ្នកខេត្តបាត់ដំបង)។

២. សាន់ ដែន ជាប្អូនស្រីជងរងគ្រោះ ឈ្មោះ សាន់ សឿន (បងប្រុស) និង សុខ គិមសី (បងថ្លៃស្រី) នៅភូមិតាម៉ា សង្កាត់ ម្កាក់ ក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។ ពួកគាត់ធ្វើការជាជាងការ៉ូ (បាត់ខ្លួនអំឡុងធ្វើការកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥) ទាំងពីរនាក់ប្តីប្រពន្ធ។

អាស្រ័យដូចនេះ អង្គការសង់ត្រាល់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារ ពលករកម្ពុជា និងបរទេសផ្សេងទៀត ដែលរងគ្រោះដោយគ្រោះរញ្ជួយដីរលំអគារនេះ និងអំពាវនាវឱ្យរដ្ឋាភិបាលថៃ បន្តជួយសង្រោះដល់ជនរងគ្រោះពលករបរទេសទាំងអស់ឲ្យបានឆាប់រហ័ស រួមទាំងការផ្តល់ជំនួយមនុស្សធម៍ ដោយមិនមានការរើសអើងឡើយ។

ទទ្ទឹមនឹងនេះ ក៏សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ពិចារណាក្នុងការផ្តល់ជំនួយមនុស្សធម៌ ដល់សាច់ញាតិពលករខ្មែរ ដែលរងគ្រោះទាំងនេះផងដែរ ដើម្បីកាត់បន្ថយទុក្ខលំបាកផ្សេងៗ។

អង្គការសង់ត្រាល់នៅតែបន្តសហការ ជាមួយអង្គការដៃគូនានានៅថៃ ដើម្បីទទួលព័ត៌មានបន្ថែម ពិសេសលើករណីគ្រួសារពលករពឹងពាក់ ស្វែងរកកូន និងគ្រួសារ៕ ដកស្រង់ពី ៖ សង់ត្រាល់ - CENTRAL