នៅទីបំផុតពន្ធគយបដិការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលជាធរមានហើយ គិតត្រឹមម៉ោង ១ រសៀល នាថ្ងៃពុធនេះ ដោយមិនមានប្រទេស ឬតំបន់ណាមួយពីជុំវិញពិភពលោក ត្រូវបានលើកលែងនោះទេ។

យ៉ាងណាមិញសរុបទាំងអស់ ប្រទេសចិនត្រូវរងការដាក់ពន្ធធ្ងន់ធ្ងរជាងប្រទេសផ្សេងៗ រាប់ទាំងពន្ធ ២០ ភាគរយ កាលពីលើកមុន ពន្ធគយបដិការ ៣៤ ភាគរយ និងពន្ធដែលលោក ត្រាំ សម្រេចដាក់ភ្លាមៗ ៥០ ភាគ កាលពីយប់មិញ ក្រោយចិនប្រកាស «ប្រយុទ្ធដល់ទីបញ្ចប់» ដោយមិនទម្លាក់ពន្ធ ៣៤ ភាគរយ លើទំនិញអាមេរិក។

បន្ទាប់ពីចិន ប្រទេសឡេសូតូ ដែលនៅអាហ្វ្រិកខាងត្បូង បានទទួលរងនូវអត្រាពន្ធគយបដិការខ្ពស់ជាងគេ ៥០ ភាគរយ បន្ទាប់មក កម្ពុជា (៤៩ ភាគរយ) ឡាវ (៤៨ ភាគរយ) វៀតណាម (៤៦ ភាគរយ) និងថៃ (៣៦ ភាគរយ) រួមជាមួយប្រទេស និងដែនដីផ្សេងទៀត សរុបទាំងអស់ ១៨០ ជុំវិញពិភពលោក។ សម្ព័ន្ធមិត្តសំខាន់ៗ ដូចជា សហភាពអឺរ៉ុប (២០ ភាគរយ) ក៏ជាប់លើអន្ទាក់ពន្ធគយបដិការរបស់ ត្រាំ ផងដែរ។

ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា មិនមានប្រទេសណាមួយដែលជាប់ក្នុងបញ្ជីរបស់ ត្រាំ ត្រូវបានលើកលែង ឬបន្ធូរបន្ធយអត្រាពន្ធគយថ្មីនោះទេ ទោះបីជាមានការចរចា សំណើដោះស្រាយ និងការចាត់វិធានការសងសឹកបែបណាក៏ដោយ៕
