បានឃាត់ខ្លួនស្ត្រី២នាក់ដែលមានជំនាញ ដើរទំលាក់យោង (ប្រើខ្សែរកលោហ:ក្លែងក្លាយ) ដើម្បីលួងលោមឲ្យជនរងគ្រោះទិញក្នុងតំលៃធូរថ្លៃ
Heang
-

ភ្នំពេញ ៖ សន្តិសុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានឃាត់ខ្លួនស្ត្រី២នាក់ដែលមានជំនាញ ដើរទំលាក់យោង (ប្រើខ្សែរកលោហ:ក្លែងក្លាយ) ដើម្បីលួងលោមជនរងគ្រោះទិញក្នុងតំលៃធូរថ្លៃ ។ ហេតុការណ៍នេះ កាលវេលាម៉ោងប្រហែល១១ និង២០នាទីព្រឹកថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០២៥ ស្ថិតនៅបរិវេនមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហៅពេទ្យរុស្សុី ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន០២នាក់១-ឈ្មោះ សោម ស្រីពៅ ភេទស្រី អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ:មិនពិតប្រាកដ ។២-ឈ្មោះ ហៀង មុំ ភេទស្រី អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរ:មិនពិតប្រាកដ ។ 

នគរបាលបានដកហូតវត្ថុតាង ខ្សែរកលោហ:ធាតុ ពណ៌លឿងទុំ ប្រវែងកន្លឹះម៉ែត្រ ចំនួន១ខ្សែ ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកOPOP ពណ៌ខៀវ ចំនួន០១គ្រឿង លុយខ្មែរចំនួន១៨០,០០០រៀលលុយដុល្លារចំនួន៥ដុល្លារ ការបូបតូចចំនួន០១ ពណ៌សូកូឡា ។ ជនរងគ្រោះឈ្មោះ ទិត សុម៉ាលី ភេទស្រីអាយុ៦៧ឆ្នាំ ស្នាក់នៅផ្ទះលេខផ្លូវ១១៧ ភូមិ១ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ:នៅផ្ទះ ។

បើតាមប្រភពព័ត៍មាន បានអោយដឹងថាជន សង្ស័យខាងលើបានណាត់គ្នាមកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហៅ(ពេទ្យរុស្សី) គោលបំណងមកធ្វើសកម្មភាពឆបោក(ប្រើខ្សែកក្លែងក្លាយ) ពេលមកដល់ជនសង្ស័យខាងលើ ក៏បានជួបនិងជនរងគ្រោះ ហើយបានប្រាប់ជនរងគ្រោះថារើសបានកាបូបតូចមួយក្នុងនោះមានខ្សែកចំនួន១ខ្សែបន្ទាប់មកក៏បានលួងលោមឲ្យជនរងគ្រោះទៅកន្លែងស្ងាត់ ហើយបានយកខ្សែក ក្លែងក្លាយនោះមកលក់ឲ្យជនរងគ្រោះក្នុងតម្លៃធូថ្លៃ ។

 ខណៈពេលពួកជនសង្ស័យកំពុងលួងលោមជនរងគ្រោះ ពេលនោះជនរងគ្រោះរៀបនឹងយកលុយទិញខ្សែក ស្រាប់តែមានសន្តិសុខក្នុងមន្ទីរពេទ្យមកសួរនាំ ទើបដឹងថាស្ត្រី២នាក់ នេះជាមុខសញ្ញា តែងតែមកធ្វើសកម្មភាព ឆបោក ក្រោមរូបភាព ទំលាក់យោង នេះញឹកញាប់ជាមួយប្រជាពលរដ្ឋដែលមកមន្ទីរពេទ្យ ទើបខាងកំលាំងសន្តិសុខមន្ទីរពេទ្យ ឃាត់ខ្លួនយកជនសង្ស័យខាងលើមកប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការសាកសួរតែម្ដង។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់ ៕