តំណាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក បានជួបប្រជុំទ្វេភាគីជាលើកទី១ តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

សេចក្តីជូនដំណឹងរបស់អង្គភាពកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នារាត្រីថ្ងៃទី១៦ ខែមេសា បានឱ្យដឹងថា នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។
លិខិតបានបន្តថា កិច្ចប្រជុំនេះ ជាការឆ្លើយតបទៅនឹងលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនទៅកាន់លោកប្រធានាធិបតីអាមេរិក Donald J. Trump ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដែលបានបង្ហាញសុច្ឆន្ទៈសុំបើកការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
លិខិតបានបញ្ជាក់ទៀតថា៖«ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានផ្ដល់សារៈសំខាន់លើឆន្ទៈក្នុងការចូលរួមកិច្ចសន្ទនាដោយបើកទូលាយ និងស្មារតីស្ថាបនា ដែលជាមូលដ្ឋានដើម្បីបន្តការចរចាឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនងពាណិជ្ជកម្មដោយសមធម៌ និងតុល្យភាព។ ភាគីទាំងពីរបានឯកភាពបន្តការពិភាក្សាក្នុងអំឡុងពេលឆាប់ៗខាងមុខនេះ»។

រដ្ឋបាលសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកប្រធានាធិបតី Donald J. Trump កាលពីថ្ងៃទី៣ ខែមេសា(ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសពីការដំឡើងពន្ធគយសម្រាប់ការនាំចូលទំនិញពីស្ទើរគ្រប់ប្រទេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ តទៅ។ ទោះយ៉ាងណានៅពេលកាលបរិច្ឆេទចូលមកដល់ លោក Donald J. Trump ក៏បានសម្រេចពន្យារពេលចំនួន ៩០ថ្ងៃ ដើម្បីបើកឱកាសឱ្យប្រទេសនីមួយៗជួបចរចាទ្វេភាគីជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

កម្ពុជាត្រូវបានសហរដ្ឋអាមេរិក កំណត់យកពន្ធទំនិញក្នុងអត្រា ៤៩ភាគរយដែលជាកម្រិតខ្ពស់ជាងគេក្នុងតំបន់អាស៊ាន។ ការកំណត់អត្រាពន្ធថ្មីនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើចំនួនទឹកប្រាក់នៃអតុល្យភាពជញ្ជីងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៤។
ទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៤ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា សហរដ្ឋអាមេរិក មានទឹកប្រាក់សរុប ១០,១៨ ពាន់លានដុល្លារ កើនឡើង ១១,២ ភាគរយ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក ៩,៩ ពាន់លានដុល្លារ កើនឡើង ១១,៤ភាគរយ និងអាមេរិកនាំមកកម្ពុជា ២៦៤,១៥ លានដុល្លារ កើន ២,៧ ភាគរយ៕ ប្រភព៖ BAYON Radio News
