ដកស្រង់ចេញពីផេកផ្លូវការរបស់ព្រះនាងតូច នរោត្តម ជេនណា ដោយព្រះនាងបានបង្ហោះដូច្នេះថា ៖« អនុស្សាវរីយ៍ជាប្រវត្តិសាស្រ្តក្នុងឆាកជីវិតខ្ញុំ រំភេីបរកអ្វីប្រៀបផ្ទឹមពុំបាន! ជាបឋម ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតក្រាបអរព្រះរាជគុណព្រះករុណា ហ្លួងតា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងយាយទួត សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលស្ដេចទាំងទ្វេសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់តួនាទីដល់ខ្ញុំម្ចាស់ ជាអ្នកជូនភួងមាលា ដល់ ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិតុចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

នេះជារឿងរ៉ាវដ៏ពិសេសបំផុតក្នុងឆាកជីវិតពោពេញដោយសេចក្ដីរំភើបយ៉ាងខ្លាំងរកទីបំផុតគ្មាន ដែលអាចរាប់ថាជាអនុស្សាវរីយ៍ប្រវត្តិសាស្រ្តដ៏ល្អប្រចាំជីវិតខ្ញុំម្ចាស់។

ខ្ញុំម្ចាស់ជាចៅសូមក្រាបបង្គំថ្វាយព្រះពរ ព្រះករុណាហ្លួងតា និងហ្លួងយាយទួត សូមទេវតាថែរក្សាព្រះមហាស្វេត្រឆ័ត្រ ព្រះបារមីវត្ថុសក្តិសិទ្ធិនានាក្នុងលោក ព្រមទាំងទេវតារក្សាឆ្នាំថ្មី ប្រទានព្រះពរជ័យសព្វសាធុការ ថ្វាយព្រះអង្គទាំងទ្វេ សូមស្តេចប្រកបដោយព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពល្អ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្រ្តទូទាំងព្រះនគរ។
ខ្ញុំក៏សូមគោរពជូនពរ ឯកឧត្តមប្រធានាធិបតី មានសេចក្តីរីករាយក្នុងដំណេីរទស្សនកិច្ចមកកម្ពុជា ចងចាំក្តីស្រឡាញ់រវាងជាតិសាសន៍ទាំងពីរ»៕

