អង្គការសហប្រជាជាតិបានធ្វើការប្រកាសថា មនុស្សជាង៤២ម៉ឺននាក់ បានរត់ភៀសខ្លួនក្នុងដែនដីហ្កាហ្សា ដោយគ្មានកន្លែងសុវត្ថិភាពនិងខ្វះស្បៀងអាហារ...
Heang
-

អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថាកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សាត្រូវបានរារាំងយ៉ាងធ្ងន់ធ្ងរ ខណៈប្រតិបត្តិការយោធារបស់អ៊ីស្រាអែលកាន់តែខ្លាំង ដោយជនជាតិប៉ាឡេស្ទីនជាង៤២៣.០០០នាក់ បានរត់ភៀសខ្លួនម្តងទៀតដោយគ្មានកន្លែងមានសុវត្ថិភាពត្រូវទៅនិងខ្វះស្បៀងអាហារ ។

មនុស្ស៣១នាក់បានស្លាប់បន្ថែមទៀតកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះក្នុងការវាយប្រហារនៅហ្កាហ្សា ខណៈការបិទផ្លូវជំនួយរបស់អ៊ីស្រាអែលបណ្ដាលឲ្យកុមារអត់ឃ្លាន។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌បានព្រមានថា ប្រតិបត្តិការមនុស្សធម៌នៅតែបន្តត្រូវបានរារាំងដោយការរឹតត្បិតធ្ងន់ធ្ងរក្នុងតំបន់ហ្កាហ្សាពីសំណាក់សកម្មភាពយោធា និងការវាយប្រហាររបស់អ៊ីស្រាអែល ដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់បុគ្គលិកជំនួយ និងទីតាំងរបស់ពួកគេ ។

លោកបានកត់សម្គាល់ថា តាមសេចក្តីរាយការណ៍ ការវាយប្រហារនាពេលថ្មីៗនេះបានចំអគារលំនៅដ្ឋាន ធ្វើឱ្យមានការកើនឡើងនូវជម្រកសម្រាប់ជនភៀសខ្លួន ជាពិសេសក្នុងទីក្រុង Rafah និងភាគខាងកើតទីក្រុងហ្កាហ្សា។ គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ដៃគូមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថាមនុស្សជាង ៤២៣.០០០នាក់បានរត់ភៀសខ្លួនជាថ្មីទៀតក្នុងតំបន់នេះ ដោយគ្មានកន្លែងសុវត្ថិភាពដែលឲ្យពួកគេអាចបាននោះទេ ។

លោកបានបន្ថែមថា ទំនិញសំខាន់ៗភាគច្រើនមិនអាចរកបានទេ ខណៈការវាយប្រហារលើក្បួនមនុស្សធម៌ និងការលួចប្លន់កំពុងកើនឡើង។ លោកបាននិយាយថា ទន្ទឹមនឹងនោះ ក្រុមការងារនៅលើដីគោកមិនអាចទៅយកប្រេងពីឃ្លាំងស្តុក ដែលនៅសេសសល់បានទេ ហើយទីតាំងនៅតំបន់នានាត្រូវការការសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល។ លោកថា ការប៉ុនប៉ងចំនួនប្រាំបីក្នុងចំណោមការប៉ុនប៉ងទាំងប្រាំបួនលើករបស់ក្រុមការងារអង្គការសហប្រជាជាតិ ត្រូវបានបដិសេធដោយអាជ្ញាធរអ៊ីស្រាអែល ចាប់តាំងពីពាក់កណ្តាលខែមេសាមក៕