ឥណ្ឌាបញ្ជាក់ថាការវាយប្រហារលើក្រុង Muridke របស់ប៉ាគីស្ថាន គឺគ្រាន់តែចង់កម្ទេចមូលដ្ឋានរបស់ក្រុមសកម្មជនប៉ាគីស្ថានដែលបានបាញ់ប្រហារទេសចរឥណ្ឌាកាលពីខែមុន
Heang
-

ក្រោយពីប្រទេសឥណ្ឌាបានបាញ់មីស៊ីលចូលក្នុងដែនដីប៉ាគីស្ថានជាច្រើនកន្លែងនាព្រឹកព្រលឹមថ្ងៃពុធនេះមក និងបន្តបណ្តាលឲ្យមនុស្ស៨នាក់ស្លាប់ ដែលរួមទាំងកុមារម្នាក់ផងដែរ។ បន្ទាប់ពីហេតុការណ៍នេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានហៅថាការវាយប្រហាររបស់ឥណ្ឌាគឺជាចេតនាបង្ករសង្គ្រាមសុធសាធ។ ចំណែកប្រទេសឥណ្ឌាវិញបានអះអាងថា ការវាយប្រហារនេះគឺផ្តោតលើហេដ្ឋារចនាសម្ព័ន្ធដែលត្រូវក្រុមសកម្មប្រយុទ្ធពាក់ព័ន្ធបាញ់ប្រហារទៅលើអ្នកទេសចរឥណ្ឌាក្នុងតំបន់ជម្លោះ Kashmir (កាស្មៀរ) ដែលគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌាមួយផ្នែកកាលពីខែមុន។

គួររំលឹកផងដែរថា ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងរវាងប្រទេសជិតខាងទាំងពីរ បន្ទាប់ពីការវាយប្រហារកាលពីខែមេសាកន្លងទៅ ដោយឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថាជាអ្នកគាំទ្រ ដែលនាំឲ្យមានការបាញ់ប្រហារនោះ ខណៈដែលរដ្ឋបាលក្រុង Islamabad បានបដិសេធចំពោះការចោទប្រកាន់នេះ។ អាជ្ញាធរយោធាឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍អំពីរឿងនេះយ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌា៣នាក់បានស្លាប់ក្នុងតំបន់ Kashmir បន្ទាប់ពីហេតុការណ៍បាញ់ត្រលប់ពីភាគីប៉ាគីស្ថានវិញ។ យោងទៅតាមក្រសួងការបរទេសប៉ាគីស្ថានបានលើកឡើងថា កងកម្លាំងឥណ្ឌាបានចាប់ផ្តើមវាយប្រហារតាមដែនអាកាសឥណ្ឌាចូលទៅក្នុងទឹកដីប៉ាគីស្ថាន ហើយទីតាំងដែលរងគ្រោះពីការវាយប្រហារនេះរួមមានតំបន់ Muridke ដែលស្ថិតនៅជាយខេត្ត Punjab និង Kotli នៃតំបន់ជម្លោះ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន។

មិនតែប៉ុណ្ណោះពួកគេបាននិយាយថា៖ ការវាយប្រហារនេះគឺផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យចរាចរណ៍ វិស័យពាណិជ្ជកម្ម ផ្លូវអាកាសរបស់ប៉ាគីស្ថានដែរ ។ សេចក្ដីថ្លែងការណ៍បានលើកឡើងទៀតថា៖ ការប្រើប្រាស់កម្លាំងវាយប្រហារយ៉ាងកំរោលនេះ អាចនាំឲ្យប្រទេសទាំងពីរដែលជាប្រទេសមានឥទ្ធិពលលើអាវុធនុយក្លេអ៊ែរស្រាប់ ឈានទៅរកជម្លោះទ្រង់ទ្រាយធំជាងមុនក៏ថាបាន។ កងទ័ពឥណ្ឌាបាននិយាយថា៖ ខ្លួនពិតជាបានប្រើប្រាស់ប្រព័ន្ធវាយប្រហារប្រដាប់ដោយអាវុធទំនើបប្រាកដមែន ប៉ុន្តែគឺដើម្បីវាយប្រហារលើក្រុងបាហាវាល់ប៊ួរ (Bahawalpur) ដែលជាទីស្នាក់ការរបស់ក្រុមសកម្មប្រយុទ្ធ Jaish-e-Mohammed និងទីក្រុងមូរីដគេ (Muridke) ដែលជាស្នាក់ការរបស់ក្រុមប្រយុទ្ធ Lashkar-e-Taiba ផងដែរ៕