មូលដ្ឋានយោធាច្រើនកន្លែងរបស់ឥណ្ឌា ត្រូវបានវាយប្រហារដោយដ្រូន និងមីស៊ីលរបស់ប៉ាគីស្ថាន
Heang
-

ការផ្ទុះបានកើតឡើងនៅទូទាំងទីក្រុង Jammu របស់ប្រទេសឥណ្ឌា កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ជាអ្វីដែលរដ្ឋាភិបាលបាននិយាយថា ជាការវាយប្រហារដោយយានដ្រូននិងមីស៊ីលពីប្រទេសប៉ាគីស្ថាន ទៅលើមូលដ្ឋានយោធាជុំវិញតំបន់កាស្មៀរ នៅថ្ងៃទីពីរនៃការប៉ះទង្គិចគ្នារវាងប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរទាំងពីរ។

អ្នកសារព័ត៌មានរ៉យទ័រម្នាក់បាននិយាយថា សំឡេងស៊ីរ៉ែនបានរោទិ៍ឡើង សំឡេងផ្ទុះ និងមានពន្លឺភ្លើងពណ៌ក្រហមនៅលើអាកាសពេលយប់នៅពីលើ ទីក្រុង Jammu ប្រហែល២ម៉ោងកន្លះ ដែលទំនងជាមានការកើនឡើងការប្រឈមមុខគ្នាដ៏អាក្រក់បំផុតរបស់ប្រទេសទាំងពីរក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ។

ក្រសួងការពារជាតិឥណ្ឌា បាននិយាយនៅលើបណ្តាញ X ដោយដកស្រង់ប្រភពព័ត៌មាននៅទីកន្លែងនានានៅក្នុង និងក្បែរដែនដីសហព័ន្ធនៃទីក្រុង Jammu និង Kashmir ថា «ស្ថានីយ៍យោធានៅ ទីក្រុង Jammu ទីក្រុងPathankot និងទីក្រុងUdhampur ត្រូវបានដាក់គោលដៅដោយយានដ្រូននិងមីស៊ីលមានប្រភពមកពីប៉ាគីស្ថាន។

ការគម្រាមកំហែងត្រូវបានបំផ្លាញយ៉ាងឆាប់រហ័ស ដោយគ្មានអ្នកស្លាប់ រងរបួស ឬខូចខាតសម្ភារៈ ត្រូវបានរាយការណ៍ឡើយ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីក្រុង Islamabad បានបដិសេធការវាយប្រហារនៅទីក្រុង Pathankot រដ្ឋ Punjab របស់ប្រទេសឥណ្ឌា ទីក្រុងSrinagarនៅជ្រលងភ្នំតំបន់ Kashmir និង Jaisalmer និងបាននិយាយថា ការចោទប្រកាន់នេះ «គ្មានមូលដ្ឋានទាំងស្រុង ជាហេតុផលនយោបាយ និងជាផ្នែកនៃយុទ្ធនាការឃោសនាគ្មានការទទួលខុសត្រូវ ក្នុងគោលបំណងមួលបង្កាច់លើប្រទេសប៉ាគីស្ថាន។