កូរ៉េខាងជើង បើកការស៊ើបអង្កេតទៅលើឧបទ្ទវហេតុអំឡុងពេលដាក់ដំណើរការនាវាចម្បាំង...
Heang
-

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រ (២៣ ឧសភា) នេះថា ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមការស៊ើបអង្កេតពេញលេញមួយទៅលើឧបទ្ទវហេតុ ដែលបានកើតឡើងក្នុងអំឡុងពេលនៃពិធីដាក់ដំណើរការនាវាចម្បាំងក្នុងសប្តាហ៍នេះ។ ទីក្រុងព្យុងយ៉ាង បាននិយាយថា ឧបទ្ទវហេតុកាលពីថ្ងៃពុធនោះ គឺបណ្តាលមកពីការបាត់បង់តុល្យភាព ខណៈនាវាកំពុងត្រូវដាក់ដំណើរការ ហើយផ្នែកខាងក្រោមនៃនាវាចម្បាំងត្រូវបានកម្ទេច។

របាយការណ៍បាននិយាយថា ការត្រួតពិនិត្យផ្ទៃក្នុងបានរកឃើញថា មិនមានរន្ធនៅផ្នែកខាងក្រោមរបស់នាវាចម្បាំងនោះទេ ប៉ុន្តែផ្នែកខាងក្រោមនៃផ្ទៃនាវា ត្រូវបានកោសរលាត់ ហើយទឹកសមុទ្របានហូរចូលទៅក្នុងផ្នែកខាងចុងតាមរយៈបណ្តាញជួយសង្គ្រោះរបស់នាវា។

របាយការណ៍បន្តថា ទំហំនៃការខូចខាតគឺ "មិនធ្ងន់ធ្ងរទេ" ដោយបន្ថែមថា ក្រុមស៊ើបអង្កេតត្រូវបានបញ្ជាឱ្យស្វែងរកមូលហេតុនៃគ្រោះថ្នាក់ និងអ្នកទទួលខុសត្រូវ ខណៈមិនបាននិយាយទេថាមានអ្នករបួស ឬស្លាប់ ដោយសារគ្រោះថ្នាក់នេះឬទេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា មេដឹកនាំ លោក គីម ជុងអ៊ុន ដែលបានមើលឃើញឧប្បត្តិហេតុនៃនាវាពិឃាតទម្ងន់ ៥.០០០តោន នោះដោយផ្ទាល់នៅឯមូលដ្ឋានផលិតនាវាភាគឦសាននៃទីក្រុង Chongjin បានខឹងសម្បារយ៉ាងខ្លាំង ហើយចាត់ទុកហេតុការណ៍នេះថាជា "អំពើឧក្រិដ្ឋកម្ម" មិនអាចអត់ឱនបាន។ អ្នកវិភាគយោធានិយាយថា ឧបទ្ទវហេតុនេះទំនងជាបានកើតឡើងនៅចំពោះមុខហ្វូងមនុស្សដ៏ច្រើន ដែលបង្កើនការអាម៉ាស់ជាសាធារណៈចំពោះមេដឹកនាំកូរ៉េខាងជើងរូបនោះ៕ ប្រភព៖ BAYON Radio News